ហង្ស សូរិយាន់ នៅតែពាក់ឆៀង និង មកុដ Miss Grand Cambodia លំដាប់រងទី ១ ទៅចូលរួមកម្មវិធីផ្សេងៗ និងត្រៀមចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មី ! 

អស់ពេលជាច្រើនខែមកហើយដែលរឿងរ៉ាវរវាង ហង្ស សូរិយាន់ និងក្រុមហ៊ុម មហាហង្ស នៅតែមិនទាន់ដោះស្រាយចប់ ដោយ សារ ហង្ស សូរិយាន់ មិនព្រមយក ឆៀង និង មកុដ ទៅសងដល់ក្រុមហ៊ុន នេះវិញ ជាក់ស្តែង ហង្ស សូរិយា នៅតែបន្តពាក់ឆៀង និង មកុដ Miss Grand Cambodia លំដាប់រងទី ១ ទៅចូលរួមកម្មវិធីនានាដោយគ្មានការញញើតឡើយ ។ 

ហង្ស សូរិយាន់ មិនខ្វល់ពីការប្រកាសរបស់ក្រុមហ៊ុន មហាហង្ស ដែលតម្រូវឱ្យនាងយក ឆៀង និង មកុដ ទៅសងគេវិញឡើយ ដោយសារហេតុផលជាច្រើនដែលមិនអាចបង្ហើបប្រាប់ទស្សនិកជនលំអិតបាន រហូតនាងសម្រេចចិត្តជ្រើសរើសផ្លូវ មិនតបត សុខចិត្តនៅស្ងៀមស្ងាត់ ។ 

ជួបជាមួយ ហង្ស សូរិយាន់ កាលពីពេលថ្មីៗនេះ នាងនៅតែអះអាងពាក្យដដែលថា នាងនៅតែពាក់ឆៀង និង មកុដ Miss Grand Cambodia លំដាប់រងទី ១ ទៅចូលរួមកម្មវិធីផ្សេងៗ បើទោះបីជាខាងក្រុមហ៊ុនមហាហង្ស ព្យាយាមឱ្យនាងយក ឆៀង និង មកុដ នោះទៅសង់ឱ្យក្រុមហ៊ុននេះវិញក្តី ពីព្រោះ មកុដ និង ឆៀង នៅតែជារបស់នាង បើទោះបីជានាងបានប្រកាសលាតំណែងនោះក្តី ។

ទោះបីជាមិនទាន់ដោះស្រាយរឿង ឆៀង និង មកុដ ចប់សព្វគ្រប់ តែ ហង្ស សូរិយាន់ មានគម្រោងនឹងវិលត្រឡប់ទៅចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀតក្នុងពេលឆាប់ៗខាងមុខ ។

ហង្ស សូរិយាន់ បានបញ្ជាក់បន្ថែមថា នាងនៅតែចិញ្ចឹមចិត្តចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀត ដើម្បីដណ្តើមមកុដ ប៉ុន្តែនាងនៅពុំទាន់សម្រេចថា នឹងដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីណាមួយឱ្យប្រាកដនៅឡើយទេ ព្រោះមានកម្មវិធីច្រើនដែលនាងត្រូវជ្រើសរើស ៕