មកទល់ពេលនេះមានរយៈពេល ៥ ឆ្នាំហើយដែលតារាសម្តែងលោក យូ ឌីស្កូ វះកាត់ប្តូរក្រលៀន ហើយបានបន្តជីវិតក្នុងវិថីសិល្បៈឡើងវិញ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។ តើស្ថានភាពសុខភាពរបស់តារាប្រុសរូបនេះ ប្រែប្រួលដល់កម្រិតណាហើយ ? ខណៈពេលដែលលោកត្រូវប្រើថ្នាំអស់មួយជីវិត ។
លោក យូ ឌីស្កូ ចាប់ផ្តើមទទួលការងារសិល្បៈវិញហើយ បន្ទាប់ពីស្ថានភាពសុខភាពលោក ចាប់ផ្តើមល្អប្រសើរឡើងវិញ ជាក់ស្តែងនៅក្នុងថ្ងៃបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នាពេលកន្លងមកលោកក៏មានវត្តមាននៅពេលនោះផងដែរ ក្នុងទឹកមុខញញឹម លោក យូ ឌីស្កូ មើលទៅពិតជាស្រស់ស្រាយខ្លាំង ថែមទាំងមានសាច់ឈាមភ្លឺថ្លា និងមានកម្លាំងកំហែងឡើងវិញហើយ បើប្រៀបធៀបទៅនឹងឆ្នាំចាស់ ពិតជាខុសគ្នាឆ្ងាយណាស់ សូម្បីតែមិត្តសិល្បករដែលបានជួបជាមួយលោកផ្ទាល់នាពេលនោះ ម្នាក់ៗបានលាន់មាត់សរសើរលោកគ្រប់ៗគ្នា ។
លោក យូ ឌីស្កូ បានប្រាប់ថា រយៈពេល ៥ ឆ្នាំហើយដែលលោកបានវះកាត់ប្តូរក្រលៀន ស្ថានភាពសុខភាពរបស់លោកគឺល្អប្រសើរច្រើន អាចថតរឿង ច្រៀង និងធ្វើពិធីករក្នុងកម្មវិធីផ្សេងៗបាន មិនថាការងារអ្វីគឺលោកទទួលធ្វើទាំងអស់ ឱ្យតែត្រូវជំនាញរបស់ខ្លូន ដើម្បីអាចរកប្រាក់ចិញ្ចឹមជីវិត ដូចដឹងស្រាប់ហើយថា ជំងឺរបស់លោកគឺត្រូវការប្រាក់ច្រើនដើម្បីទុកព្យាបាល បើហ៊ានតែប្រហែសបន្តិច គឺអាចប៉ះពាល់ដល់ជីវិត ។
បើទោះបីជាពេលនេះសុខភាពលោក យូ ឌីស្កូ បានល្អប្រើសើរជាងមុនក្តី តែក្នុងរយៈពេល ៣ ទៅ ៦ ខែ លោកត្រូវទៅមន្ទីរពេទ្យពិនិត្យសុខភាពជាប្រចាំ ដើម្បីតាមដានសុខភាព ហើយលោកត្រូវប្រើថ្នាំជារៀងរាល់ថ្ងៃនិងមួយជីវិតដើម្បីមានជីវិតរស់ ។
លោក យូ ឌីស្កូ ក៏បានផ្តាំផ្ញើទៅកាន់ទស្សនិកជនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែទាំសុខភាព ចៀសវាងមានជំងឺដូចជាលោក ព្រោះជំងឺនេះមិនត្រឹមតែចំណាយអស់ប្រាក់ច្រើនប៉ុណ្ណោះទេ ឱកាសរស់គឺមានតិចតួចណាស់ តែសំណាងល្អលោកបានព្យាបាលទាន់ពេលវេលា ៕