អតីតតារាសម្តែងល្បីឈ្មោះ ហេង ដាលីស មកលេងស្រុកកំណើតក្រោយរស់នៅ សហរដ្ឋអាមេរិក អស់ ១៤ ឆ្នាំ 

អតីតតារាសម្តែងល្បីឈ្មោះ ហេង ដាលីស បាននាំគ្រួសារនិងកូនៗមកលេងស្រុកកំណើត បន្ទាប់ពី ចេញទៅរស់នៅ សហរដ្ឋអាមេរិក អស់ពេលជាង ១៤ ឆ្នាំ ថ្វីដ្បិតតែបោះបង់អាជីពនេះអស់ពេលយ៉ាងយូរតារាស្រីរូបនេះនៅតែមានអារម្មណ៍នឹករលឹកសិល្បៈ នឹងចង់សាកល្បងក្នុងវិស័យនេះ ។ បើទោះបីជាខានជួបជាមួយតារាស្រីរូបនេះយូរឆ្នាំមកហើ់យក្តី តែនិយាយពីរូបរាង និង រូបសម្រស់របស់ ហេង ដាលីស វិញ គឺក្មេងៗជំនាន់ក្រោយសុំខ្មាស់ ពីព្រោះនាងពូកែរក្សាសម្រស់ឱ្យនៅក្មេងវ័យតាមបែបធម្មជាតិ ដោយមិនមានការវះកាត់ឡើយ ។  

អតីតតារាសម្តែង ហេង ដាលីស ត្រូវបានទស្សនិកជនស្គាល់ខ្លាំងតាមរយៈស្នាដៃសម្តែងមួយដែលមានចំណងជើងថា « នាងបដាចា » ដោយនាងសម្តែងជាតួអង្គកំសត់ ស្រក់ទឹកភ្នែក ដែលបានឆក់បេះដូងអ្នកគាំទ្រជាច្រើនឱ្យស្រឡាញ់ពេញចិត្តនាងក្នុងសម័យនោះ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ ក្នុងចន្លោះពេលដែលកំពុងល្បីឈ្មោះ ស្រាប់តែនាងបានរៀបការ និងចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមស្វាមីរបស់ខ្លួន ហើយបញ្ចប់អាជីពសិល្បៈតែម្តង ។ 

ជាញឹកញាប់ ហេង ដាលីស តែងតែបង្ហាញមុខនៅលើ ហ្វេសប៊ុក របស់ខ្លួនតាមរយៈ ការបង្ហោះរូបស្អាតៗ ការធ្វើវិដេអូធ្វើម្ហូបអាហារឆ្ងាញ់ៗចែករំលែកទៅកាន់អ្នកគាំទ្រខ្លួន ជាពិសេសនៅទីនោះគឺនាងបានបើកអាជីព កាត់ដេរសម្លៀកបំពាក់ផងដែរ ដែលទទួលបាន ការពេញនិយមខ្លាំងពីសំណាក់បងប្អូន ខ្មែរ ដែលរស់នៅ សហរដ្ឋអាមេរិក ។ 

មកទល់ពេលនេះ ហេង ដាលីស មានកូនចំនួន ៣ នាក់ បើទោះបីជាវ័យរបស់នាងជិត ៤០ ឆ្នាំក្តី ប៉ុន្តែនិយាយពីរូបរាង និង រូបសម្រស់នាងវិញ តារាវ័យក្មេងសុំខ្មាស់ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ ។ 

អតីតារាសម្តែង ហេង ដាលីស បានមកដល់ប្រទេស កម្ពុជា កាលពីប៉ុន្មានថ្ងៃមុនជាមួយស្វាមីនិងកូនទាំង ៣ នាក់របស់ខ្លួន ដើម្បីលំហែកាយក្នុងរដូវវិស្សមកាលនេះ ។ ហេង ដាលីស បានបង្ហាញនូវអារម្មណ៍រំភើបជាខ្លាំងដែលបានមកដល់ទឹកដីកំណើត ក្រោយចេញទៅរស់នៅ សហរដ្ឋអាមេរិក អស់រយៈពេល ១៤ ឆ្នាំ ។ 

ហេង ដាលីស បាននិយាយថា ប្រសិនបើមានឱកាសនាងនឹងឆ្លៀត សម្តែង ឬលេចមុខក្នុងកម្មវិធីសិល្បៈនានា ទៅតាមការអញ្ជើញរបស់អ្នកដឹកនាំទាំងអស់ ពីព្រោះនាងពិតជាមានការនឹករលឹកខ្លាំងក្នុងវិស័យសិល្បៈ ៕