ដោយសារជីវិតជួបនូវការលំបាកច្រើនពេក ព្រោះត្រូវដើរតួជាម្តាយផង ជាឪពុកផង និងជាបងស្រីផង បានធ្វើឱ្យតារាសម្តែង តារាបង្ហាញម៉ូដ និងជាពិធីការិនីល្បីឈ្មោះរូបនេះ សុខចិត្តបន្តភាពនៅលីវ និងចង់រកគ្រួសារដ៏រុងរឿងមួយសម្រាប់ប្អូនៗរបស់ខ្លួនសិន មុន នឹងសម្រេចចិត្តរៀបចំជីវិតគូសម្រាប់ខ្លួនឯង ។
នៅក្នុងថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កន្លងមកនេះ កញ្ញា សោម ស្រីនាថ ក៏មានវត្តមាននៅទីនោះផងដែរជាមួយតារាល្បីៗមួយចំនួន ជួបជាមួយ សោម ស្រីនាថ ផ្ទាល់នាពេលនោះ នាងបានបង្ហាញអារម្មណ៍រំភើប និង មានកិត្តិយសខ្លាំងក្នុងការចូលរូមព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ ។
ថ្វីដ្បិតតែមានឈ្មោះជាពិធីការិនី និងជាតារាសម្តែងសប្បូរស្នេហ៍ ប៉ុន្តែ សោម ស្រីនាថ នៅតែមិនទាន់ជ្រើសរើសបុរសណាម្នាក់ធ្វើជាគូនៅឡើយទេ រហូតដល់ប្អូនរបស់នាងបានរៀបការមានគូស្រករមុន ជាក់ស្តែងប្អូនរបស់នាងទើបតែរៀបការកាលពីប៉ុន្មានសប្តាហ៍មុននេះ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ សោម ស្រីនាថ មិនខ្លាចក្នុងមានឈ្មោះជាក្រមុំចាស់នោះទេ ពី ព្រោះនាងចង់ឱ្យប្អូនទាំង ២ របស់នាងមានជីវិតគូប្រកបដោយសុភមង្គល មុននឹងនាងសម្រេចចិត្តរៀបការ មានគ្រួសារ ។
សោម ស្រីនាថ បានបញ្ជាក់ប្រាប់ថា ពេលនេះនាងបានរកផ្ជុងផ្តើមឱ្យប្អូនម្នាក់មានជីវិតគូរួចហើយ ក្នុងនាមជាម្តាយ ជាឪពុក និងជាបងស្រី ពិតជារំភើបចិត្តណាស់នៅពេលឃើញមនុស្សជាទីស្រឡាញ់ខ្លួនមានគ្រួសារ ។ សោម ស្រីនាថ បានទទួលស្គាល់ផងដែរថា ជីវិត និង ជីវភាពនាងជួបនូវការលំបាក និងភាពជូរចត់ច្រើនណាស់ ដូច្នេះហើយនាងមិនចង់ឱ្យប្អូនៗលំបាកដូចជារូបនាងទេ បើពួកគេមានជីវិតគ្រួសារអត់ ទើបនាងបំពេញក្តីស្រមៃខ្លួន ។
សោម ស្រីនាថ មិនខ្វល់និងពាក្យគេនិយាយថា ក្រមុំចាស់នោះទេ ពីព្រោះនាងចង់ឱ្យប្អូនមានគ្រួសារមុន ទើបនាងសម្រេចចិត្តរៀបការតាមក្រោយ ។ សោម ស្រីនាថ បានបន្ថែមទៀតថា ឆ្នាំក្រោយនាងនឹងបើកបេះដូងទទួលយកស្នេហាមួយ ហើយនាងនឹងសម្រេចចិត្តរៀបការតែម្តង ។
គួររំលឹកផងដែរថា សោម ស្រីនាថ ធ្លាប់ជាតារាសម្តែងល្បីឈ្មោះមួយរូបក្នុងរឿងភាគជាច្រើន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានផ្អាកពីអាជីពសម្តែងទាំងស្រុង ដើម្បីផ្តោតអារម្មណ៍លើការងារ ពិធីករ និងការងារបង្ហាញម៉ូដ ថតផលិតផលនានា ពីព្រោះអាជីពិធីករគឺនាងស្រឡាញ់ខ្លាំងជាងអាជីពផ្សេងៗ…៕