ថ្វីដ្បិតតែចំណងស្នេហ៍ច្រើនឆ្នាំតារាសម្តែង ឈិន មុន្នីនាថ និង នាយ ព្រែក ដំណើរការទៅមុខយ៉ាងរលូន តែពេលនិយាយដល់រឿងរៀបការម្តងៗ គូស្នេហ៍វ័យក្មេងមួយគូនេះ ហាក់បីដូចជាមិនទាន់ចង់រៀបការសោះ បើទោះបីទោះជាគ្រួសារទាំងសងខាងជំរុញ និងចង់ ឱ្យពួកគេរៀបការឆាប់ៗក្តី ។ តើចំណងស្នេហ៍ច្រើនឆ្នាំ ឈិន មុន្នីនាថ និង នាយ ព្រែក អាចបន្តរហូតដល់ថ្ងៃរៀបការឬយ៉ាងណា ?
ទស្សនិកជនជាច្រើននៅតែចង់ដឹងថា តើថ្ងៃណា នាយ ព្រែក ដឹកដៃតារាស្រី ឈិន មុន្នីនាថ ចូលរោងការ ? ដូចដឹងស្រាប់ហើយថា អ្នកទាំងពីរគឺជាគូស្នេហ៍ផ្អែមល្ហែមនិងគ្នាយូឆ្នាំមកហើយ មិនថាទៅថតនៅតាមខេត្តឆ្ងាយៗ ឬចូលរួមកម្មវិធីតូចធំ អ្នកទាំងពីរតែងតែបណ្តើរគ្នាចូលរួមយ៉ាងត្រសង ដែលធ្វើឱ្យអ្នកជុំវិញខ្លួនមានការច្រណែនជាខ្លាំង ។
ថ្មីៗនេះ នាយ ព្រែក និង ឈិន មុន្នីនាថ បានសម្តែងរឿងកំប្លែងខ្លីៗជាច្រើនជាមួយគ្នា ក្នុងនោះដែរអ្នកទាំងពីរបែរជាមិនចង់ឱ្យមហាជនជូនពរពួកគេទៅវិញ ទាំងដែលពួកគេទាំងពីរកំពុងតែស្រឡាញ់គ្នា ។ ដោយសារឃើញនាយ ព្រែក និយាយបែបនេះបានធ្វើឱ្យមហាជនជាច្រើនគិតថា ទំនាក់ទំនងពួកគេ គ្រាន់តែជាការសម្តែង ។
ទោះបីជាមានរឿងបែបនេះក្តីចំពោះតារាកំប្លែងយាយ យ៉យ ដែលត្រូវជាម្តាយរបស់នាយ ព្រែក ធ្លាប់បានប្រាប់កាលពីពេលថ្មីៗនេះថា រឿងកូនចៅគាត់មិនបង្ខំទេ ប៉ុន្តែពួកគេទាំងពីរពិតជាស្រឡាញ់គ្នាមែន ហើយចាស់ទុំទាំងសងខាងក៏ចង់ឱ្យពួកគេរៀបការឆាប់ៗដែរ ។
ក្នុងចន្លោះពេលដែលយាយ យ៉យ ចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក នាពេលកន្លងមក យាយយ៉យ ថែមទាំងបានផ្តាំផ្ញើឱ្យ ឈិន មុន្នីនាថ ជួយមើលខុសត្រូវ និងមើលថែនាយ ព្រែក ផងដែរ ហើយយាយ យ៉យ បានហៅ ឈិន មុន្នីនាថ កូនប្រសារពេញៗមាត់ ។
មង្គលការរបស់ ឈិន មុន្នីនាថ និង នាយ ព្រែក អាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ ជាក់ស្តែងជួបជាមួយ ឈិន មុន្នីនាថ នាពេលកន្លងមកនេះ នាងធ្លាប់បានបញ្ជាក់ប្រាប់ថា រឿងរៀបការគឺគង់តែរៀបទេ តែពេលនេះនាងសុំពេលមួយរយៈពេលសិន ព្រោះនាងចង់ពង្រឹងការងារសិល្បៈនិងការងាររកស៊ីឱ្យរឹងមាំសិន មុននឹងសម្រេចចិត្តរៀបការ ដើម្បីកុំឱ្យជីវិតជួបនូវការលំបាកនៅពេលដែលរៀបការរួច ៕