ពិធីការិនី ហ៊ិន ចាន់និរ័ត្ន ជឿជាក់ខ្លាំងលើសម្រស់ធម្មជាតិរបស់ខ្លួន

ហ៊ិន ចាន់និរ័ត្ន មិនត្រឹមតែជាពិធីការិនីលេចធ្លោប៉ុនណោះទេ អ្នកនាងថែមទាំងជាតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិថែមទៀតផង។ ជាក់ស្តែងតាំងពីប្រលូកក្នុងសិល្បៈមកទល់ពេលនេះ កញ្ញា ហ៊ិន ចាន់និរ័ត្ន មិនទាន់ស្គាល់រសជាតិមុខកាំបិតវះកាត់កែសម្ផស្ស ដូចជាសិល្បការិនីមួយចំនួនឡើយ ហើយក៏មិនមានបំណងកែកុននូវចំណុចណាមួយដែរ ពីព្រោះអ្នកនាងជឿជាក់ខ្លាំងលើសម្រស់ធម្មជាតិរបស់ខ្លួន ។ 

មិត្តភក្តិរួមជំនាន់ជាមួយ ហ៊ិន ចាន់និរ័ត្ន មួយចំនួនសុទ្ធតែបានឆ្លងកាត់មុខកាំបិតវះកាត់កែសម្ផស្សស្ទើរតែគ្រប់គ្នា ដោយម្នាក់ៗបានវះ កាត់កែកុនបន្ថែមនូវចំណុចដែលខ្លួនខ្វះខាត ដូចដឹងស្រាប់ហើយសម័យបច្ចុប្បន្ននេះ ចង់បានមុខប្លែកបែបណាក៏បានដែរ សំខាន់មានលុយក្នុងការវះកាត់ ។

កញ្ញា ហ៊ិន ចាន់និរ័ត្ន ត្រូវបានចាត់ទុកថាជាតារាស្រីមួយរូបដែលមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ មិនថារូបរាង មុខមាត់ គឺនាងអាចរក្សាបានយ៉ាងស្រស់ស្អាតដូចដើម ដោយមិនមានការវះកាត់ឡើយ មិនថា ច្រមុះ ភ្នែក បបូរមាត់ ឬ ទម្រង់មុខ ដូច្នេះហើយទើបមានបណ្តាក្រុមហ៊ុនធំៗជាច្រើនពេញចិត្ត និង ហៅអ្នកនាងថតផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ ។ 

ជួបជាមួយ ហ៊ិន ចាន់និរ័ត្ន កាល ពីពេលថ្មីៗនេះ បានប្រាប់ថា អ្នកនាងមិនចង់ស្គាល់រសជាតិមុខកាំបិតវះកាត់កែសម្ផស្សនោះទេ ដូច្នេះ ហើយទើបអ្នកនាងខំប្រឹងថែរក្សាសម្រស់ខ្លួនឱ្យកាន់តែស្រស់ស្អាតតាមបែបធម្មជាតិ និងប្រើប្រាស់ត្រឹមផលិតផលខ្លះដើម្បីបានសាច់ភ្លឺថ្លា ។ តែសម្រាប់ថ្ងៃអនាគតគឺអ្នកនាងមើលមិនឃើញឡើយ ។ 

ហ៊ិន ចាន់និរ័ត្ន បន្តថា ប៉ុន្តែអ្វីដែលអ្នកនាងជឿជាក់ខ្លាំងក្នុងពេលនេះគឺអ្នកនាងមានរូបសម្រស់ស្អាតពីធម្មជាតិគ្រប់គ្រាន់ហើយ មិនបាច់វះកាត់ថែមត្រង់ណាមួយទេ ។ 

ហ៊ុន ចាន់និរ័ត្ន ជាតារាស្រីមួយរូបដែលកម្រនឹងប្រទះរឿងអាស្រួវស្នេហា ទោះបីជាកន្លងមកមានពាក្យចចាមអារ៉ាមជាច្រើនបានកើត ឡើងក៏អ្នកនាង មិនដែលរវល់និងរឿងនេះទេ ហើយបច្ចុប្បន្នសង្សាររបស់អ្នកនាង គឺជាដុកទ័រម្នាក់ដែលឧស្សាហ៍ទៅណាមកណាជាមួយគ្នាញឹកញាប់បំផុត ៕