នាប៉ុន្មានម៉ោងមុននេះស្ថាប័ន Miss Grand Cambodia បានចេញសេចក្តីប្រកាសដកបេក្ខភាព កែវ ស្រីលីន តំណាងឱ្យខេត្ត កំពត ពីកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃ កម្ពុជា ឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ នេះតទៅ ។
តាមរយៈសារជាផ្លូវការរបស់ស្ថាប័ន Miss Grand Cambodia ដែលបានបង្ហោះនោះបានសរសេររៀបរាប់ថា « ជាដំបូងស្ថាប័នយើងខ្ញុំសូមអភ័យទោសដល់ទស្សនិកជន ខាងស្ថាប័នយើងខ្ញុំពិតជាមិនចង់អោយមានបញ្ហាកើតឡើងឡើយ ប៉ុន្តែក្រោយពីទុកឱកាសដល់កញ្ញាច្រើនដង ប៉ុន្តែនៅតែមិនមានការកែប្រែ ស្ថាប័នយើងខ្ញុំខ្លាចមានបញ្ហាដល់ពេលប្រឡងថ្ងៃខាងមុខ យើងសូមប្រកាសដកកញ្ញាពី Miss Grand Cambodia តំណាងខេត្ត កំពត ជាផ្លូវការតែម្តង ។ បញ្ជាក់យើងនឹងប្រកាសបេក្ខភាពដែលមកតំណាងខេត្តកំពត ក្នុងពេលឆាប់ៗនេះ » ។
ជាមួយគ្នានោះផងដែរស្ថាប័ន Miss Grand Cambodia បានបញ្ជាក់ពីមូលហេតុធំៗចំនួនពីរដែលត្រូវដកបេក្ខភាព កែវ ស្រីលីន ចេញ ដោយសារតែទី ១ កញ្ញា កែវ ស្រីលីន មិនគោរពគោលការណ៍ និង លក្ខខណ្ឌកុងត្រាក្រុមហ៊ុន ។ និងមូលហេតុទី ២ គឺដោយ សារកញ្ញា កែវ ស្រីលីន មិនគោរពពេលវេលា ពិបាកក្នុងការទំនាក់ទំនង ស្ថាប័ន Miss Grand Cambodia នឹងរៀបចំធ្វើទៅតាមផ្លូវច្បាប់តាមការចែងក្នុងកុងត្រា ។
កញ្ញា កែវ ស្រីលីន ជាបេក្ខភាពតំណាងខេត្ត កំពត ដែលមានការលេចធ្លោខ្លាំងក្នុងចំណោមបេក្ខភាព ទាំង ២៥ រូបដែលបានបំពាក់ឆៀងនាពេលកន្លងមក ។ សម្រាប់អ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងនៅសុខៗស្រាប់តែ ស្ថាប័ន Miss Grand Cambodia សេចក្តីប្រកាសដកបេក្ខភាពរូបនេះចេញ ពីកម្មវិធី ។
ចំណែកកញ្ញា កែវ ស្រីលីន នៅពុំទាន់ឆ្លើយតបចំពោះរឿងនេះនៅឡើយទេ ៕