ទើបតែបណ្តើរគ្នាយ៉ាងផ្អែមល្ហែមទៅចូលរួមកម្មវិធីផ្សេងៗជាមួយគ្នាមិនបានប៉ុន្មានផង ស្រាប់តែតារាស្រី គឹម លីហ្សា បង្ហាញស្នាម មេ ដៃលែងលះជាមួយស្វាមីខ្លួនទៅវិញ ។ នេះមិនមែនជាលើកទីមួយនោះទេ ដែល គឹម លីហ្សា ប្រកាសបែកគ្នាជាមួយស្វាមីរបស់ខ្លួននោះ ។ តើ គឹម លីហ្សា ចង់លេងស្ទាយលែងលះដើម្បីអ្វី ?
ក្រោយបង្ហាញស្នាមមេដៃលែងលះជាមួយស្វាមីជាថ្មីម្តងទៀត បានធ្វើឱ្យអ្នកគាំទ្រជាច្រើននិយាយថា គឹម លីហ្សា លេងស្ទាយចាស់ទៀតហើយ ពីព្រោះរវាងនាងនិងស្វាមីមានរឿងរកាំរកូសជាយូឆ្នាំមកហើយ តែនៅតែរស់នៅក្រោមដំបូលតែមួយ ផ្ទុយទៅវិញថែម ទាំងបានទិញផ្ទះថ្មីជាច្រើនកន្លែងផ្សេងទៀតរស់នៅយ៉ាង សុខសាន្តជាមួយស្វាមី ។
រាល់ពេលដែល គឹម លីហ្សា ប្រកាសលែងលះម្តងៗ គឺតែងតែមានរឿងល្អត្រឡប់មកវិញគ្រប់ពេលវេលា ជាក់ស្តែងកន្លងមក នាងធ្លាប់ប្រកាសបែកគ្នាជាមួយស្វាមីច្រើនលើកមកហើយ ប៉ុន្តែក្រោយមកនាងក៏បានដឹកដៃស្វាមីបើកអាជីវកម្មជាច្រើនកន្លែងបន្ថែមទៀត ធ្វើឱ្យជីវភាពគ្រួសារនាងកាន់តែធូធារឡើង មិនតែប៉ុណ្ណោះ នាងនិងស្វាមីថែមទាំងបានដឹកដៃគ្នាទិញផ្ទះវីឡាជាច្រើនកន្លែងផ្សេងទៀតសម្រាប់រស់នៅ ។
នៅមុនពេលប្រកាសបែកផ្លូវគ្នាជាមួយស្វាមីកាលពីប៉ុន្មានថ្ងៃមុន គឹម លីហ្សា បានបណ្តើរគ្នាជាមួយស្វាមីយ៉ាងផ្អែមល្ហែមទៅជប់លៀង និងចូលរួមកម្មវិធីផ្សេងៗរបស់មិត្តភក្តិខ្លួន តែនៅសុខៗស្រាប់តែនាងប្រកាសក្តែងៗថា បែកបាក់គ្នាជាមួយស្វាមីទៅវិញ រឿងនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា គឹម លីហ្សា លេងស្ទាយចាស់ទៀតហើយ ។
នៅពេលមានរឿងបែកបាក់ម្តងៗ ស្វាមី គឹម លីហ្សា តាមលួងលោងនាងគ្រប់ពេល ហើយស្វាមីនាងចង់ឱ្យនាងចេញទៅរស់នៅប្រទេស អូស្រ្តាលី រួមជាមួយកូនៗវិញ ប៉ុន្តែ គឹម លីហ្សា បដិសេធ និងមិនចង់ទៅរស់នៅប្រទេស អូស្រ្តាលី វិញទេ ដោយសារនៅទីនោះនាងគ្មានសាច់ញាតិ ហើយគ្មានមុខរបរ បើនៅស្រុក ខ្មែរ គឺនាងមានមុខរបរជាច្រើនត្រូវធ្វើ ថែមទាំងទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ ។
លើកនេះតើរវាង គឹម លីហ្សា និង ស្វាមី អាចនឹងផ្សះផ្សាយចំណងស្នេហ៍របស់ខ្លួនបានមកវិញឬយ៉ាងណា ? ប៉ុន្តែបើតាមប្រភពស្និទ្ធជាមួយ គឹម លីហ្សា បានបង្ហើបប្រាប់ថា រវាង គឹម លីហ្សា និង ស្វាមី នៅតែធម្មតា អ្នកទាំងពីរនៅផ្ទះជាមួយគ្នាដូចដើម ព្រោះស្វាមីនាងមិនទាន់ចេញទៅប្រទេស អូស្រ្តាលី វិញនៅឡើយទេ ៕