ថ្មីៗនេះតារាសម្តែងនិង បង្ហាញម៉ូដ អេឡិច ចាន់ត្រា បានបង្ហាញភាពស្និទ្ធស្នាលខ្លាំងជាមួយ អតីតតារាសម្តែងនិងជាពិធីករ ពេជ្រ សិរីរ័ត្ន រហូតធ្វើឱ្យមហាជនមានការយល់ច្រឡំ ថា អ្នកទាំងពីរស្នេហាគ្នា តែទោះជាយ៉ាងនេះក្តី ជួបជាមួយលោក អេឡិច ចាន់ត្រា កាលពីពេលថ្មីៗនេះលោកបែរជាបញ្ជាក់បែបនេះទៅវិញ ។
នៅក្នុងដំណើរកម្សាន្តទៅដើរលេងនៅចំការធូរ៉េនមួយកន្លែងនាពេលកន្លងមកថ្មីៗនេះ លោក អេឡិច ចាន់ត្រា បានធ្វើឱ្យមានការយល់ច្រឡំជាខ្លាំង ដោយសារលោកបានបង្ហាញភាពស្និទ្ធិស្នាលខ្លាំងជាមួយ ពេជ្រ សិរីរ័ត្ន ដែលធ្លាប់ជាពិធីការិនីល្បីល្បាញមួយរូបកាលពីជាង ១០ ឆ្នាំមុន ។
ជួបជាមួយលោក អេឡិច ចាន់ត្រា កាលពីពេលថ្មីៗនេះលោកបានបញ្ជាក់ប្រាប់ថា ទំនាក់ទំនងលោក និង ពេជ្រ សិរីរ័ត្ន គ្រាន់តែជាមិត្តភក្តិនិងគ្នាប៉ុណ្ណោះ ការជួបគ្នាកាលពីពេលថ្មីៗនេះគ្រាន់តែជាការជួបដោយចៃដន្យ ហើយក៏សម្តែងលេងជាមួយគ្នា មិនមានអ្វីលើសពីនេះឡើយ ពីព្រោះ ពេជ្រ សិរីរ័ត្ន មានគ្រួសារនិងមានកូនរួចហើយ លោកមិនជ្រៀតជ្រែតរឿងគ្រួសារគេទេ សូមកុំច្រឡំ ។
មកទល់ពេលនេះលោក អេឡិច ចាន់ត្រា នៅតែពុំទាន់រៀបការមានគូស្រករនៅឡើយទេ លោកថា ជីវិតរបស់លោកកំពុងជោគជ័យក្នុងការងាររកស៊ី ដូច្នេះរឿងរៀបការ សុំទុកមួយឡែកសិន ។
លោក អេឡិច ចាន់ត្រា ធ្លាប់ជាតារាសម្តែង និងជាអ្នកបង្ហាញម៉ូដ ល្បីមួយរូបកាលពីប៉ុន្មានឆ្នាំមុន តែចាប់តាំងពីលោកបើកក្រុមហ៊ុនរកស៊ីផ្ទាល់ខ្លួនមក លោកបានផ្អាកពីអាជីពនេះទាំងស្រុង ដោយសារអាជីពសិល្បៈមិនអាចរកប្រាក់ចំណូលបានច្រើនឡើយ ៕