ចាប់តាំងពីបោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការបើកហាងលក់សម្លៀកបំពាក់មួយមក ធ្វើឱ្យតារាសម្តែង រចនា រ៉ាវ៉ាឌី ទទួលបានប្រាក់ចំណូលកាន់តែច្រើន ហើយនាងក៏មិនសូវខ្វល់ពីប្រាក់ចំណូលសិល្បៈ ប៉ុន្មានទេ ជាក់ស្តែងរាល់ពេលទំនេរនាងតែងតែហោះទៅដើរកម្សាន្ត និងចាយលុយ នៅក្រៅប្រទេសដើម្បីសាកថ្មជីវិត ។
រចនា រ៉ាវ៉ាឌី នៅតែជាតារាសម្តែងដែលឈរក្នុងលំដាប់តួឯកដដែល បើទោះបីជាពេលនេះមានតារាសម្តែងក្មេងៗជំនាន់ក្រោយជាច្រើនកំពុងរីកដុសដាលច្រើនក្តី ក៏តម្លៃខ្លួននាងមិនប្រែប្រួលដែរ ។ ប៉ុន្តែចាប់តាំងពី រចនា រ៉ាវ៉ាឌី ល្បីល្បាញមក នាងកម្រថតចេញថតរឿងនៅឆ្ងាយៗណាស់ ហើយនាងក៏មិនទទួលថតរឿងភាគដែលចំណាយពេលវេលាថតយូរដូចមុនដែរ ។
រចនា រ៉ាវ៉ាឌី មិនរំពឹងលើប្រាក់ចំណូលពីការថតភាពយន្តដូចមុនទេ ពីព្រោះបច្ចុប្បន្ននាងមានមុខរបរករស៊ីជាច្រើន ជាពិសេសគឺប្រាក់ចំណូលពីការបើកលក់សម្លៀកបំពាក់របស់នាង គឺអាចផ្គត់ផ្គង់ជីវភាពនាងគ្រប់គ្រាន់ ចំណែកអាជីពសិល្បៈគ្រាន់តែជាអាជីពបន្ទាប់បន្សំសម្រាប់នាងក្នុងការរក្សាកេរ្តិ៍ឈ្មោះតែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត រចនា រ៉ាវ៉ាឌី ថែមទាំងមានគូស្នេហ៍ជាអ្នកមានទ្រព្យ បើទោះបីជានាងមិនប្រកបការងារអ្វី ក៏នាងអាចរស់នៅបានសុខស្រួលដែរ ។
រចនា រ៉ាវ៉ាឌី កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងបន្ទាប់ពីនាងបានប្រឹងប្រែងហាត់ប្រាណសម្រក់រាងឱ្យស្រស់ស្អាត ដូចដឹងស្រាប់ហើយថាពេលដែល រចនា រ៉ាវ៉ាឌី ធាត់ឡើងគីឡូខ្លាំងគឺមានអ្នកបង្អាប់នាងច្រើន រហូតធ្វើឱ្យនាងបាក់ទឹកចិត្ត ប៉ុន្តែពេលនេះ រចនា រ៉ាវ៉ាឌី ដើរដោយភាពជឿជាក់ ដោយមិនខ្វល់ពី សម្តីនរណាទាំងអស់ ៕