ចំណងស្នេហ៍ជាង ៧ ខែ រវាងតារាសិចស៊ី អៀ ម៉េងលិ និងគូស្នេហ៍វ័យក្មេងរបស់ខ្លួនលែងស្រោចស្រង់បានទៀតហើយ នាងសម្រេចចិត្តបញ្ចប់ស្នេហ៍ត្រឹមនេះ ដោយសារមិនចុះសម្រុងនិងគ្នា ហើយនាងក៏មិនមានអ្នកទី ៣ ដែរ ។
ប៉ុន្មានខែចុងក្រោយនេះចំណងស្នេហ៍ អៀ ម៉េងលិ បានរង្គោះរង្គើរជាច្រើនលើកច្រើនសារមកហើយ តែនាងបានព្យាយាមទប់ចំណងស្នេហ៍នោះឱ្យដើរទៅមុខតាមធម្មតា ព្រោះគិតថា មនុស្សស្រឡាញ់គ្នា ត្រូវចេះអត់អោនឱ្យគ្នាទៅវិញទៅមក ហើយនាងសង្ឃឹមថា អាចដឹកដៃគូស្នេហ៍ចូលរោងការក្នុងពេលដែលសមស្រប ។
អ្វីដែល អៀ ម៉េងលិ គិតនិងរំពឹងនោះ គឺបានរលាយដូចអំបិលត្រូវទឹក ជាក់ស្តែងនៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៣ នេះ អៀ ម៉េងលិ បានប្រកាសក្តែងៗនៅលើ ហ្វេសប៊ុក របស់ខ្លួនថា « បញ្ចប់ត្រឹមនេះ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ មូលហេតុមិនចុះសម្រុងនិងគ្នា មិនមែនមានអ្នកទី3 ទេ » ។
នេះមិនមែនជាលើកទី ១ ទេដែល អៀ ម៉េងលិ បែកបាក់ស្នេហា កន្លងមកនាងធ្លាប់បាននិយាយថា ពេលបែកបាក់ស្នេហាម្តងៗនាងចំណាយពេលវេលាត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះដើម្បីព្យាបាលរបួសផ្លូវចិត្ត ពីព្រោះនាងមិនចង់ឱ្យជីវិតនាងធ្លាក់ចូលទៅក្នុងសមុទ្រទុក្ខ ។
អៀ ម៉េងលិ ទើបតែដឹកដៃគូស្នេហ៍ខ្លួនទៅចូលរួមបើកព្រឹត្តិការណ៍ ស៊ីហ្គេម យ៉ាងផ្អែមល្ហែមបំផុត តែមិនដឹងថាមានរឿងអ្វីដល់ថ្នាក់នាងប្រកាសបែកផ្លូវគ្នាជាមួយគូស្នេហ៍ជាសាធារណបែបនេះទេ ។ តែទោះជាយ៉ាងណាក្តី នៅលើគណនេយ្យ ហ្វេសប៊ុក របស់ អៀ ម៉េងលិ និង គូស្នេហ៍ នៅតែរក្សារូបភាព អ្នកទាំងពីរដូចដើម មិនមានខាងណាលុបចោលនោះទេ ។ ចាំមើលថា តើតារាសិចស៊ី អៀ ម៉េងលិ ធ្វើចិត្តបានដូចអ្វីដែលនាងបាននិយាយទេ ? ត្រឹមតែ ៧ ថ្ងៃនាងនឹងបំភ្លេចសង្សារចាស់ឱ្យបាន ៕