វិស័យបវរកញ្ញាកំពុងកក្រើកខ្លាំង​ធ្វើឱ្យតារាសម្តែងកូន ២ សារ៉ាយ សក្ខណា រង្គើរចិត្តចង់ចូលរួមប្រកួតក្នុងវិស័យនេះជាថ្មីម្តងទៀត 

តារាសម្តែងកូន ២ សារ៉ាយ សក្ខណា ធ្លាប់ប្រកួតក្នុងកម្មវិធីបវរកញ្ញាមួយកាលពីអំឡុងឆ្នាំ ២០០៦ ពេលដែលនាងទើបប្រលូកក្នុងវិស័យសិល្បៈលើកដំបូង ដោយឡែកថ្មីៗនេះស្របពេលដែលវិស័យបវរកញ្ញា ខ្មែរ កាន់តែមានការរីកចំរើននិងទាក់ទាញខ្លាំងស្រាប់តែធ្វើឱ្យតារាកូន ២ រូបនេះ ប្រកាសចង់ចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាធំមួយ ។ 

បច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនបានទិញសិទ្ធ កម្មវិធីបវរកញ្ញាធំៗជាច្រើនដើម្បីជ្រើសរើសបវរកញ្ញា ខ្មែរ ទៅចូលប្រកួតប្រជែងនៅក្រៅប្រទេស ក្នុងនោះមានទាំងកម្មវិធីប្រលងបវរកញ្ញាសម្រាប់បេក្ខនារីដែលនៅលីវ ក៏ដូចជាកម្មវិធីសម្រាប់បេក្ខនារីដែលមានគ្រួសារហើយ ជាក់ស្តែងកន្លងមកប្រទេស កម្ពុជា ធ្លាប់បានបញ្ជូលបេក្ខនារីដែលមានគ្រួសាររួច ចេញទៅប្រកួតក្នុងកម្មវិធីជាច្រើន ។ 

ថ្មីៗនេះផងដែរតារាសម្តែងកូន ២ សារ៉ាយ សក្ខណា បានបង្ហាញតម្រុយហាក់បីដូចជាត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងវិស័យបវរកញ្ញាក្នុងពេលឆាប់ៗខាងមុនេះ ។ សារ៉ាយ សក្ខណា បានប្រាប់ទៅកាន់ អ្នកគាំទ្ររបស់ខ្លួនថា « ចង់ដាក់ពាក្យប្រលងបវរកញ្ញាដែរ ។ កន្លងមកធ្លាប់ជា Miss ដែរកាលពីឆ្នាំ ២០០៦ ក្នុងកម្មវិធី Miss Palazo តែសម្រាប់ឆ្នាំ ២០២៣ ចាំមើលសិន » ។

គ្រាន់តែឃើញ សារ៉ាយ សក្ខណា ប្រកាសបែបនេះមានអ្នកគាំទ្រជាច្រើនផ្ញើសារអបអរសាទរ និងទឹកចិត្តឱ្យនាងចូលរួមប្រកួតក្នុងវិស័យបវរកញ្ញានេះ ពីព្រោះ សារ៉ាយ សក្ខណា មិនត្រឹមតែស្រស់ស្អាត និងមានប្រជាប្រិយខ្លាំងនោះទេ ថែមទាំងថែរក្សាសម្រស់ និង រូបរាងបានយ៉ាងល្អ មិនចាញ់តារាវ័យក្មេងជំនាន់ក្រោយឡើយ បើទោះបីជានាងរៀបការ និង មានកូន ២ នាក់រួចក្តី ៕