តាំងពីសម្រេចចិត្តភ្ជាប់ពាក្យមានគ្រួសារមក បានធ្វើឱ្យតារាបង្ហាញម៉ូដ សុផា លីនដា បាត់មុខឈឹងពី សិល្បៈ ដោយនាងបានទៅសំងំសម្រាលកូន និង បើកអាជីវកម្មរកស៊ីជំនួសវិញ ដោយឡែកប៉ុន្មានថ្ងៃនេះ ស្រាប់តែតារាស្រីរូបនេះត្អូញត្អែរនឹកអាជីពចាស់ និងមានបំណងចង់វិលត្រឡប់មកអាជីពនេះជាថ្មី ដែលជាអាជីពក្នុងក្តីស្រមៃខ្លួន ។
កាលពី៧ ឬ ៨ ឆ្នាំមុន សុផា លីនដា បានលេចមុខក្នុងខ្លាំងក្នុងវិស័យបង្ហាញម៉ូដ មិនថាកម្មវិធីតូចធំ តែងតែមានវត្តមាននាងមិនដែលខាន សូម្បីតែការងារសម្តែងក៏មានវត្តមានរបស់នាងដែរ ប៉ុន្តែចាប់តាំងពីនាងសម្រេចចិត្តភ្ជាប់ពាក្យ និងមានកូនរួចមក នាងក៏បានបាត់មុខឈឹងពីសិល្បៈ ដោយសំងំ មើលកូន និងងាកទៅបើកអាជីវកម្មជំនួសវិញ ។
ថ្មីៗនេះសុផា លីនដា បានពោលពាក្យថា « ពេលវេលាពិតជាដើរលឿនណាស់ មួយភ្លែតសោះ 7 ទៅ8 ឆ្នាំបាត់ ខ្ញុំនៅ តែនឹកនិងស្រលាញ់ការងារនេះដដែល ទោះបីវាមិនមែនជាក្ដីស្រមៃតាំងពីតូច តែពេលបានចូលធ្វើការងារនេះ វាពិតជាធ្វើអោយខ្ញុំស្រលាញ់ការងារនេះខ្លាំងណាស់ » ។
សុផា លីនដា មានបំណងនឹងវិលត្រឡប់មកសិល្បៈវិញក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ទម្ងន់របស់នាង វិល ត្រឡប់ មកដូចដើម ហើយពេលនេះនាងចាប់ផ្តើមទទួលថតផ្សាយពាណិជ្ជកម្ម និង ថតសំអាងការ ជាបណ្តើរៗ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះខ្លួនឡើងវិញ ។
ពេលនេះកូនស្រីរបស់ សុផា លីនដា មានវ័យជាង ២ ឆ្នាំហើយ នាងត្រូវមើលថែកូនស្រីដោយផ្ទាល់ដៃ ដូច្នេះហើយទើបរាល់ពេលទៅណាមកណា នាងតែងតែយកកូនស្រីទៅជាមួយ ៕