ហេង ចន្ថា វិល​ត្រឡប់​មក​ថត​ភាពយន្ត​ឡើង​វិញ​ ក្រោយ​បាត់​មុខពី​​សិល្បៈ​ជា​ច្រើន​ឆ្នាំ​

ជាមួយនឹងការវិលត្រឡប់មកថតភាពយន្តឡើងវិញ ស្រាប់តែលេចលឺព័ត៌មានថា តារាសម្តែងហេង ចន្ថា និង​គូដណ្តឹងបានបែកគ្នាជាផ្លូវការហើយ។ ដូច្នេះហើយទើបនាងគ្មានសម្ពាធផ្លូវចិត្តក្នុងការវិលត្រឡប់មកសាងកេរ្តិ័ឈ្មោះក្នុងវិស័យសម្តែងឡើងវិញ ។

តារាសម្តែង និង ជាអតីត Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា បានវិលត្រឡប់មកវិស័យសម្តែងវិញហើយ បន្ទាប់ពីផ្អាកអាជីពនេះអស់ជាច្រើនឆ្នាំ ។ ហេង ចន្ថា ក៏ធ្លាប់ទទួលស្គាល់ផងដែរថា នាងពិតជាបានភ្ជាប់ពាក្យមានគូដណ្តឹងយ៉ាងពិតប្រាកដមែន គ្រាន់តែពេលនោះនាងមិនចង់បង្ហាញជាសាធារណៈប៉ុណ្ណោះ ។

នៅចុងឆ្នាំ ២០២២ ហេង ចន្ថា ធ្លាប់បាននិយាយថា ចំណងស្នេហ៍នាង និង គូដណ្តឹង មានការរង្គោះរង្គើរដោយសារបញ្ហាដដែលៗ តែដោយសារគូដណ្តឹងនាងចេះតែអង្វរ និងព្យាយាមកែកំហុស នាងក៏បានអត់អោន និង លើកលែងទោសឱ្យគូដណ្តឹងរហូតមកដល់ពេលនេះ ដោយសង្ឃឹមថា ទំនាក់ទំនងនោះល្អឡើងវិញ នាងនឹងរៀបចំពិធីមង្គលការតែម្តង ។

ជួបជាមួយតារាស្រីរូបនេះកាលពីពេលថ្មីៗនេះ នាងហាក់ដូចជាមិនសប្បាយចិត្តប៉ុន្មានឡើយ ពេលនិយាយដល់រឿងគូដណ្តឹង និង រឿងរៀបការ មិនដឹងថា ទំនាក់ទំនងតារាស្រីរូបនេះ និងគូដណ្តឹងឈានដល់ដំណាក់កាលណានោះទេ ។ ហេង ចន្ថា បានបញ្ជាក់ប្រាប់ថា នាងសុំមិននិយាយពីរឿងរៀបការ អ្វីៗរងចាំពេលវេលាមកដល់សិន ។

ហេង ចន្ថា កំពុងរីករាយជាមួយនិងការវិលត្រឡប់មកកាន់វិស័យសម្តែងរបស់ខ្លួនវិញ បន្ទាប់ពីអាកខានក្នុងការថតរឿងអស់ពេលជាច្រើនឆ្នាំ នាងសង្ឃឹមថា ស្នាដៃថ្មីរបស់ខ្លួននឹងធ្វើឱ្យផ្ទុះខ្លាំងនៅក្នុងឆ្នាំថ្មីនេះ ។
ក្រៅពីមមាញឹកនៅក្នុងការថតរឿង ខ្លី និង រឿងភាគ ហេង ចន្ថា ក៏បានចូលរួមថតរឿងអប់រំខ្លីៗជាមួយតារាសម្តែង និងតារាកំប្លែង មួយចំនួនផងដែរ នាងថា ការថតរឿងខ្លីៗនេះ នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះនាងល្បី ល្បាញឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ។

ហេង ចន្ថា ក៏ធ្លាប់ជាអតីតបវរកញ្ញា លេចធ្លោមួយរូបផងដែរកាលពីអំឡុងឆ្នាំ ២០១៦ មានទស្សនិកជនជាច្រើនចង់​​ឱ្យនាងវិលត្រឡប់មកសាងកេរ្តិ័ឈ្មោះក្នុងវិស័យបវរកញ្ញាសាជាថ្មីម្តងទៀត ។ តែចំពោះ ហេង ចន្ថា វិញបែរជាមិនមានទំនោរចិត្តក្នុងការវិលត្រឡប់ទៅសាងកេរ្តិ៍ឈ្មោះក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀតនោះទេ បើទោះបីជាសម្រស់ និង រូបរាង របស់នាងនៅតែស្រស់ស្អាត និងេលចធ្លោរយ៉ាងណាក្តី ៕