អាចនិយាយបានថានេះជាលើកដំបូងហើយដែលលោកឧកញ៉ា ព្រាប សុវត្ថិ ដែលជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra បានបង្ហាញនូវអារម្មណ៍ពិតចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈវិដេអូថ្មីមួយដែលបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកមានរយៈពេលជិត ៧ នាទី បន្ទាប់ពីបានចូលទៅបំពេញការងារនិងនៅក្បែរលោកឧកញ៉ាអស់ពេលជាង ២ ឆ្នាំ ។
នៅព្រឹកថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣ នេះ លោកឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះវិដេអូថ្មីមួយ ដែលនិយាយពី សិលធម៌ក្នុងការ ខមមិនពាក្យពេចន៍ ល្អ ឬ មិនល្អ នៅក្នុងបណ្តាញសង្គម ខណៈពេលដែលលោកកំពុងស្ថិតនៅក្នុងខេត្ត កំពត បន្ទាប់ពីបំពេញការងារចប់ ។
តាមរយៈវិដេអូនោះលោក ព្រាប សុវត្ថិ បាននិយាយពីអារម្មណ៍របស់លោកថា «មួយរយៈពេលនេះខ្ញុំ រវល់ការងារច្រើន ចប់ពីព្រឹត្តការណ៍ស៊ីហ្គេម ខ្ញុំទទួលការងារខនសឺតតាមខេត្តជាច្រើន ដោយឡែកថ្ងៃនេះចង់និយាយពីបេះដូងរបស់ខ្ញុំបន្តិច ។ កន្លងមកមានការខមមិនសរសើរ ការខមមិនខ្លះក៏មិនល្អគួរឱ្យចង់ស្តាប់ ថ្ងៃនេះខ្ញុំសូមនិយាយពីអ្វីដែលជាជោគជ័យរបស់ខ្ញុំបន្តិច ដែលបងប្អូនស្រឡាញ់និងលើកទឹកចិត្តឱ្យខ្ញុំមានកម្លាំងចិត្តធ្វើ ហើយបំរើអារម្មណ៍ បងប្អូនអ៊ុំពូមីង ។ ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្ត ហើយសុំនិយាយពីការ ខមមិនលើកទឹកចិត្ត មួយទៀតការខមមិនរបៀបបន្ទោសបង្អាប់នូវផ្លូវចិត្ត រឿងហ្នឹងមិនល្អប្រពៃសម្រាប់ខ្ញុំដែរ ។ ទំរាំខ្ញុំឈរបានដល់សព្វថ្ងៃនេះ ខ្ញុំឆ្លងកាត់ការលំបាកច្រើនណាស់ » ។
ជាមួយគ្នានោះផងដែរលោកឧកញ៉ា ព្រាប សុវត្ថិ បានបន្ថែមទៀតថា« ខ្ញុំក៏សូមអរគុណបងប្អូនដែលស្រឡាញ់ និង គាំទ្របទចម្រៀង « ស្រឡាញ់អ្វីដែលខ្មែរមាន » របស់ផលិតកម្ម Galaxy ហើយបទចម្រៀងនេះមានអ្នកចូលមើល ៧០ ទៅជិត ៨០ លាននាក់ ។ ហើយក៏អរគុណដល់បងៗ ប្អូនៗក៏ដូចជាអគ្គនាយកក្រុមហ៊ុន អ្នកឧកញ៉ា ឡេង ណវ៉ាត្រា ក្នុងការផលិតបទចម្រៀងនេះរហូតធ្វើឱ្យផ្ទុះ « Wow » ។ ខ្ញុំសូមសរសើរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានខំប្រឹង ខ្នះខ្នែង ផ្តួចផ្តើម លះបង់ពេលវេលា លះបង់ប្រាក់កាសផ្ទាល់ខ្លួនគ្រប់បែបយ៉ាងរហូតដល់បទចម្រៀងនេះក្លាយទៅជាបទចម្រៀងល្បីតំណាងរបស់ជាតិ ។ ដូចគ្រប់គ្នាដឹងហើយថាកន្លងមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានជួយសង្គមច្រើន តាំងពី ទឹកជំនន់ , មន្ទីរពេទ្យគន្ធបុប្ជា , កូវីដ និងតាមព្រឹត្តិការណ៍ផ្សេងៗទៀត ការតស៊ូមក ទល់ពេលនេះ មិនមែនជារឿងងាយស្រួលនោះទេ ទំរាំតែបានជោគជ័យ ។ ភាពជោគជ័យបានមកពីការខំប្រឹង ការខំប្រឹងប្រែងហ្នឹងហើយដែលធ្វើឱ្យយើងជោគជ័យ រូមទាំង សីលធម៌ សុជីវធម៌ ភាពទទួលខុសត្រូវគ្រប់បែបយ៉ាង មកទល់ពេលនេះខ្ញុំអរគុណគាត់ច្រើន ។ ខ្ញុំរស់នៅជាមួយគាត់ត្រឹមតែជាង ២ ឆ្នាំ ប៉ុន្តែហាក់ដូចជារាប់សិបឆ្នាំ ដោយសារជំរៅចិត្ត នៅក្នុងការទទួលខុសត្រូវ ខ្ញុំហាននិយាយថា ថ្ងៃនេះ ខ្ញុំមិនអាចភ្លេចបាន » ។