តារាសម្តែង​សក់​សំពោង​ វី ជីវន្ត ចូល​រោងការ​ស្ងាត់ៗ​ដោយ​​គ្មាន​​វត្តមាន​អ្នកសិល្បៈ​ បន្ទាប់​ពីកូនស្រី​មានវ័យ ១​ឆ្នាំ

ភ្ជាប់ពាក្យ និងរួមរស់ជាមួយភរិយា ថែមទាំងបានកូនស្រីវ័យមួយឆ្នាំ ទើបតារាសម្តែង និង ចម្រៀងដែលមានរហ័សនាមថាបុរសសក់សំពោង ឬ សក់កន្ទ្រើង វី ជីវន្ត សម្រេចចិត្តរៀបចំពិធីមង្គលការខ្លួនដោយបានអញ្ជើញមិត្តភក្តិនិងសិល្បករចូលរួមអបអរសាទរ ។

ថ្វីដ្បិតតែពិធីមង្គលការរបស់តារាសម្តែងសក់សំពោង វី ជីវ័ន្ត បានរៀបចំឡើងយ៉ាងធំដុំ និង បានអញ្ជើញភ្ញៀវចូលរួមប្រមាណ ១០០ តុ កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៣ នៅព្រែកអញ្ចាញ ខេត្តកណ្តាល ដែលជាផ្ទះរបស់លោកផ្ទាល់តែម្តង តែគេសង្កេតឃើញថា វត្តមានមិត្តសិល្បករដែលចូលរូមមង្គលការរបស់លោកនាថ្ងៃនោះ គឺមានតិចតួចបំផុត ។

ជុំវិញរឿងនេះផងដែរលោក វី ជីវ័ន្ត បានបញ្ជាក់ប្រាប់ថា លោកមិនបានអញ្ជើញមិត្តសិល្បករចូលរួមច្រើននោះទេ ដោយសារគិតថា មិនចង់រំខានពួកគាត់ ណាមួយលោកអញ្ជើញតែមិត្តខាងភ្លេង និងមិត្តរួមការងារក្រៅសិល្បៈ ប៉ុណ្ណោះ ។

ក្នុងថ្ងៃមង្គលការ លោក វី ជីវ័ន្ត ក៏បានបង្ហាញមុខកូនស្រីវ័យ ១ ឆ្នាំរបស់ខ្លួនផងដែរ លោកថា កូនស្រីជាទីស្រឡាញ់គឺជាកម្លាំងចិត្តយ៉ាងធំធេងសម្រាប់លោកនិងគ្រួសារ ។

គួររំលឹកផងដែរថាតារាសម្តែង វី ជីវ័ន្ត បានភ្ជាប់ពាក្យជាមួយនារីធម្មតាម្នាក់ជាអ្នកបំរើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២១ ក្នុងអំឡុងកូវីដ ១៩ បន្ទាប់ពីភ្ជាប់ពាក្យរួចអ្នកទាំងពីរសម្រេចចិត្តសារជីវិតគ្រួសាររួមគ្នា ទាំងមិនទាន់រៀបចំពិធីមង្គលការ ដោយសារពេលនោះ ផ្ទុះជំងឺ កូវីដ ខ្លាំង មិនអាចរៀបចំពិធីមង្គលការធំដុំបានទេ ។ ភ្លាមៗភរិយាលោក វី ជីវ័ន្ត ក៏មានផ្ទៃពោះ ដើម្បីមើលថែភរិយា លោក វី ជីវ័ន្ត សុខចិត្តមិនទទួលការងារចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក ក្នុងអំឡុងពេលនោះលោកខាងបង់ប្រាក់ចំណូលមិនតិចឡើយ ។  

បច្ចុប្បន្នតារាសក់សំពោង វី ជីវ័ន្ត គឺជាតារាសម្តែងផង ជាអ្នកចម្រៀងផង ហើយលោកក៏មានក្រុមតន្រ្តីផ្ទាល់ខ្លួនសម្រាប់ជួលក្នុងពិធីផ្សេងៗ ៕