ស៊ឹម ស្រីនិច្ច នៅតែជឿជាក់ថាអាចរកចំណូលពីសិល្បៈបានច្រើនដូចមុន ក្រោយប្រកាសចូលសិល្បៈវិញ

ជាងមួយឆ្នាំហើយដែលតារាស្រី ស៊ឹម ស្រីនិច្ច ប្រកាសចូលសិល្បៈវិញ ប៉ុន្តែមើលទៅនាងនៅពុំទាន់មានស្នាដៃថ្មីល្អណាមួយបង្ហាញទស្សនិកជន ក្រៅពីសំងំថតភាពយន្តខ្នាតធំប្រវត្តិសាស្រ្តមួយនោះទេ ទោះជាយ៉ាងនេះក្តីតារាសម្តែងរូបនេះនៅតែជឿជាក់ថា នាងអាចរកប្រាកចំណូលបានច្រើនពីអាជីពសិល្បៈ ។

ការវិលត្រឡប់មកតារាសម្តែងដែលមានរូបសម្រស់សស្រស់ស្អាត ស៊ឹម ស្រីនិច្ច នៅតែធ្វើឱ្យមហាជន ជាច្រើនងឿងឆ្ងល់ថា តើ ស៊ឹម ស្រីនិច្ច វិលត្រឡប់មកវិស័យនេះធ្វើអ្វីទៀត បើជីវិតនាងរស់នៅសុខស្រួលទៅហើយនោះ ? ឬមួយនាងមានបញ្ហាជាមួយគូស្នេហ៍ ?

ដូចដឹងស្រាប់ហើយថា កាលពីប៉ុន្មានឆ្នាំមុន ស៊ឹម ស្រីនិច្ច បានប្រកាសក្តែងៗថា នាងចាកចេញពីអាជីពសិល្បៈ ដើម្បីធ្វើការងាររកស៊ី ជាពិសេសនោះគឺម្តាយ និង គូស្នេហ៍នាងមិនសប្បាយចិត្តឱ្យនាងប្រលូកក្នុងវិស័យនេះទេ ។ ដើម្បីតម្រូវចិត្តអ្នកផ្ទះ ស៊ឹម ស្រីនិច្ច សុខចិត្តបោះបង់អាជីពសិល្បៈចោលតែម្តង ។

មកទល់ពេលនេះរយៈពេលជាងមួយឆ្នាំហើយដែល ស៊ឹម ស្រីនិច្ច បានប្រកាសចូលសិល្បៈវិញ ដោយនាងកំពុងថតរឿងភាគខ្នាតធំបែបប្រវត្តិសាស្រ្តសម្រាប់ដាក់បញ្ចាំងនៅលើទូរទស្សន៍មួយ ដោយទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតា ។ ជួបជាមួយ ស៊ឹម ស្រីនិច្ច កាលពីពេលថ្មីៗនេះ នាងនៅតែអះអាងថា នាងបានទទួលការងារជាច្រើន បន្ទាប់ពីប្រកាសចូលសិល្បៈវិញ មិនថាថតរឿង ថតផ្សាយពាណិជ្ជកម្ម ឬថតសំអាងការ ក្នុងមួយខែៗនាងទទួលបានប្រាក់ចំណូលច្រើនជាងមុន ។

បើទោះបីជា ស៊ឹម ស្រីនិច្ច អះអាងថា ទីផ្សារការងាររបស់នាងកំពុងមមាញឹក និងរកប្រាក់ចំណូលបានច្រើនពីវិស័យសិល្បៈក្តី តែនៅពុំទាន់ឃើញស្នាដៃថ្មីណាមួយរបស់នាង ធ្វើឱ្យនាងផ្ទុះខ្លាំងដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ ។ ទស្សនិកជននៅតែចង់ឃើញស្នាដៃថ្មីរបស់នាង ។

គួររំលឹផងដែរថា មុនពេលបោះបង់សិល្បៈចោល ស៊ឹម ស្រីនិច្ច ធ្លាប់បានពោលពាក្យថា សិល្បៈពិបាកក្នុងការរកប្រាក់ចំណូលចិញ្ចឹមជីវិតណាស់ ហេតុដូច្នេះហើយនាងត្រូវតែបង្កើតមុខរបររកស៊ីបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូល តែពេលនេះផ្ទុយស្រឡះ ស៊ឹម ស្រីនិច្ច បែរជានិយាយថា សិល្បៈពេលនេះស្រួលរកលុយ ដូច្នេះនាងមិនចង់ឈប់ពីវិស័យនេះទេ ៕