សម្រាល​កូន​បាន​ជិត ២ ខែ ទឹម​ រដ្ឋា ប្រឹង​សម្រក​គីឡូវិលចូល​សិល្បៈ​វិញ ហើយ​ត្រៀមខ្លួន​នឹង​ទៅ សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​ពិធីមង្គល​ជាថ្មី !

តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា សម្រាលកូនបានជិត ២ ខែហើយ ហើយនាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រឡប់មកាន់វិស័យសិល្បៈវិញ បន្ទាប់ពីនាងប្រឹងប្រែងសម្រកគីឡូដើម្បីបានរាងស្អាតដូចដើម ហើយអ្វីដែលពិសេសនោះ គឺ ទឹម រដ្ឋា និងស្វាមី មានគម្រោងហោះទៅ សហរដ្ឋអាមេរិក ដើម្បីរៀបចំពិធីមង្គលរបស់ខ្លួនជាលើកទី ២ តាមគម្រោងដែលបានគ្រោងទុក ។

តាមពិតស្វាមីរបស់ ទឹម រដ្ឋា មិនចង់ឱ្យនាងប្រលូកក្នុងវិស័យសិល្បៈវិញនោះទេ ដោយសារបារម្ភពីសុខភាពរបស់នាង ទោះបីជានាងមិនប្រកបអាជីពសិល្បៈក៏ស្វាមីនាងមានលទ្ធភាពចិញ្ចឹមនាងនិងកូន រស់នៅបានយ៉ាងស្រួល ។ តែដោយក្តីស្រឡាញ់ ទឹម រដ្ឋា នៅតែចង់ប្រលូកក្នុងវិស័យនេះដូចដើម ។

ទឹម រដ្ឋា បាននិយាយថា នាងត្រៀមនឹងវិលត្រឡប់មកវិស័យសិល្បៈឡើងវិញក្នុងពេលឆាប់ៗខាងមុខ ពីព្រោះនាងបានបាត់មុខពីវិស័យនេះយូរគួរសម ខ្លាចទស្សនិកជនភ្លេចមុខ ។ ពេលនេះនាងកំពុងព្យាយាមសម្រកទម្ងន់ដើម្បីបានរាងស្អាតដូចដើមសិន មុនននឹងត្រឡប់មកអាជីពចាស់វិញ ។

ក្រៅពីត្រៀមខ្លួនត្រឡប់មកកាន់វិស័យសិល្បៈវិញ ទឹម រដ្ឋា និង ស្វាមី មានគម្រោងនឹងចេញទៅ សហរដ្ឋអាមេរិក ដើម្បីរៀបចំពិធីមង្គលការខ្លួនជាលើកទី ២ ទៅតាមគម្រោងដែលបានគ្រោងទុក ប៉ុន្តែពេលវេលាច្បាស់លាស់ក្នុងការចាកចេញ នៅពុំទាន់កំណត់នៅឡើយទេ តែនាងសង្ឃឹមថា គម្រោងនោះនឹងសម្រេចក្នុងពេលឆាប់ៗ ដើម្បីបំពេញក្តីស្រមៃគ្រួសារទាំងសងខាង ។

ថ្វីដ្បិតតែមានគម្រោងនឹងចេញទៅរៀបការនៅទឹកដី សហរដ្ឋអាមេរិក ក្តី ទឹម រដ្ឋា មិនមានគម្រោងនឹងរស់នៅលើកទឹកដីនោះទេ ដោយសារនាងមានអាជីវកម្មជាច្រើននៅស្រុក ខ្មែរ ហើយស្វាមីនាងក៏បានវិនិយោគទុនជាច្រើននៅទីនេះផងដែរ គ្រាន់តែពេលកូនស្រីធំដឹងក្តី នាងនិងស្វាមី អាចនាំគ្នាទៅយកសញ្ជាតិ អាមេរិក ៕