អតីតបវរកញ្ញាចក្រវាឡកម្ពុជា ងិន ម៉ារ៉ាឌី នៅតែព្យាយាមលេចមុខនៅក្នុងវិស័យសិល្បៈ បើទោះបីជាពេលនេះអ្នកនាងកំពុងមានផ្ទៃពោះក្តី ។
អតីតបវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២១ ងិន ម៉ារ៉ាឌី បានរៀបការជាមួយបុរសខ្មែរ រស់នៅសហរដ្ឋអាមេរិក កាលពីដើមខែមេសា ឆ្នាំ ២០២៣ កន្លងមកនេះដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ បន្ទាប់ពីរៀបការរួចអ្នកនាងនិងស្វាមីបានចំណាយពេលវេលាចេញទៅក្រេបទឹកឃ្មុំតាមបណ្តាប្រទេសជុំវិញអាស៊ី ហើយអ្វីដែលធ្វើឱ្យនាងកាន់តែសប្បាយចិត្តនោះ គឺនាងមានផ្ទៃពោះភ្លាមៗបន្ទាប់ពីរៀបការបានមួយខែ ។
ងិន ម៉ារ៉ាឌី បានប្រាប់ថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដែលដឹងថា ខ្លួនមានផ្ទៃពោះ ពីព្រោះជាក្តីបំណងរបស់ខ្លួនផ្ទាល់និងគ្រួសារ ។
ខណៈពេលដែលកំពុងពពោះនេះ ស្វាមីរបស់ ងិន ម៉ារ៉ាឌី មិនបាននៅក្បែរនាងនោះទេ ពីព្រោះស្វាមីនាងត្រូវឡើងទៅ សហរដ្ឋអាមេរិក ដើម្បីបំពេញការងារវិញ ប៉ុន្តែនៅពេលដែលនាងជិតសម្រាលកូន ស្វាមី នាងនឹងធ្វើដំណើរត្រឡប់មកមើលថែនាងវិញ ។
ទោះបីជាកំពុងពរពោះដោយគ្មានស្វាមីនៅក្បែរ តែ ងិន ម៉ារ៉ាឌី មិនមានអារម្មណ៍អាក់អន់ស្រពន់ចិត្តនោះទេ ផ្ទុយទៅវិញនាងបែរជារីករាយជាមួយនិងការងារសិល្បៈរបស់ខ្លួន ជាក់ស្តែងនាងត្រូវបំពេញការងារជាមួយក្រុមបវរកញ្ញាជំនាន់ផ្សេងៗ រួមជាមួយការចូលរួមកម្មវិធីធំៗមួយចំនួន នាងថា ពេលនេះពោះរបស់នាងក៏មិនធំប៉ុន្មានទេ គឺអាចទទួលការងារដូចមុន ។
គួរបញ្ជាក់ថា ងិន ម៉ារ៉ាឌី នឹងចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមស្វាមី បន្ទាប់ពីសម្រាលកូនរួច ពីព្រោះស្វាមីនាងបានរៀបចំឯកសារនិងសុំសិទ្ធឱ្យនាងចេញទៅរស់នៅទីនោះរួមគ្នារួចរាល់ហើយ រងចាំតែពេលវេលាមកដល់ប៉ុណ្ណោះ ៕