ប្រកាសលក់ផ្ទះ៣កន្លែងច្រើនខែ នៅមិនទាន់លក់ចេញ ធ្វើឱ្យតារាសម្តែង លី ម៉ារីណា ជួបវិបត្តិសេដ្ឋកិច្ច

តារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានប្រកាសលក់ផ្ទះ ៣កន្លែងអស់ពេលជាច្រើនខែមកហើយ នៅតែពុំទាន់មានអ្នកទិញទៀត រហូតធ្វើឱ្យនាងខ្វល់ចិត្តជាខ្លាំងពីរឿងជីវភាពរស់នៅ ពីព្រោះចាប់តាំងពីរស់ជាស្រ្តីមេម៉ាយមក  នាងត្រូវប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីយកប្រាក់ចិញ្ចឹមកូនប្រុស និងខ្លួនឯង ។

មកទល់ពេលនេះរឿងរ៉ាវដែលអតីតស្វាមី លី ម៉ារីណា បានប្រមូលទ្រព្យសម្បត្តិនាងទៅអស់នោះ នៅតែពុំទាន់ដោះស្រាយរួចទៀត ធ្វើឱ្យនាងខ្វល់ចិត្តរាល់ថ្ងៃ និងសង្ឃឹមថា ថ្ងៃណាមួយអតីតស្វាមីខ្លួននឹងយកទ្រព្យសម្បត្តិទាំងនោះមកឱ្យនាងវិញ ដូច្នេះហើយទើបនាងសម្រេចចិត្តមិនធ្វើការប្តឹងផ្តល់ ។

ទន្ទឹមការរស់នៅម្នាក់ឯង លី ម៉ារីណា បានធ្វើការងារគ្រប់បែបយ៉ាង ទាំងការងារសិល្បៈ ក៏ដូចជាការងាររកស៊ី ជាក់ស្តែងប៉ុន្មានខែចុងក្រោយនេះ នាងបានប្រកាសលក់ផ្ទះ ៣កន្លែងរបស់ខ្លួន​ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពរស់នៅ ។

តារាសម្តែងមេម៉ាយកូនមួយសាច់សខ្ចី លី ម៉ារីណា បានបង្ហើបប្រាប់កាលពីពេលថ្មីៗនេះថា នាងបានប្រកាសលក់ផ្ទះរបស់ខ្លួន ៣ កន្លែងផ្សេងៗគ្នាយូខែមកហើយ តែលក់មិនទាន់ចេញសោះ នាងមានការខ្វល់ចិត្តខ្លាំងណាស់ ពី​ព្រោះ​​នាងត្រូវការប្រាក់ជាបន្ទាន់ដើម្បីចិញ្ចឹមកូនផង និង ដើម្បីបន្ថែមលើការងាររកស៊ីរបស់ខ្លួនផង ពេលនេះបើមិនខំប្រឹងធ្វើការងារទាំងយប់ទាំងថ្ងៃទែ ជីវិតនាងនិងកូនច្បាស់ជាជួបនូវការលំបាកខ្លាំង ។

ចាប់តាំងពីបែកគ្នាជាមួយអតីតស្វាមីអស់ពេលជាច្រើនឆ្នាំមកនេះ លី ម៉ារីណា សុខចិត្តរស់នៅម្នាក់ឯង មិនយកដៃគូថ្មីទៀតទេ នាងគិតថាការរស់នៅម្នាក់ឯងស្រួលជាងរស់នៅក្នុងសំពាធផ្លូវចិត្ត ។  លី ម៉ារីណា បានត្អូញត្អែរថា ជីវិតស្រ្តីមេម៉ាយពិតជាលំបាកណាស់ ត្រូវរាប់រងកូនតែម្នាក់ឯង ទាំងថ្លៃសាលារៀន និងការចាយវាយប្រចាំថ្ងៃ ប៉ុន្តែប្រសិនបើនាងលក់ទ្រព្យសម្បត្តិមួយចំនួនចេញអស់ ជីវិតនាងនឹងបានធូស្រាលជាងនេះ នាងសង្ឃឹមថា ជីវិតនាងនឹងល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ ។

ថ្វីដ្បិតតែពេលនេះតារាសម្តែង លី ម៉ារីណា មានវ័យជាង ៤០ ឆ្នាំក្តី ប៉ុន្តែនិយាយពីរូបរាង និង រូបសម្រស់វិញ នាងនៅតែស្រស់ស្អាតតាមបែបធម្មជាតិ ដោយមិនមានការវះកាត់ត្រង់ចំណុចណាមួយឡើយ បើប្រៀបធៀបនិងមិត្តរួមជំនាន់ នាងនៅតែក្មេង ហើយស្រស់ស្អាត ដូច្នេះហើយទើបមានបណ្តាផលិតកម្ម ក៏ដូចជាម្ចាស់ក្រុមហ៊ុនជាច្រើនពេញចិត្តហៅនាងថតជាបន្តបន្ទាប់ ៕