ទើបតែឡើងកូដខ្លាំងក្នុងអាជីពសម្តែងមិនបានប៉ុន្មានផង ស្រាប់តែតារាស្រី សំណាង អេលីណា ប្រកាសផ្អាកពីអាជីពសម្តែង និងសុំពេលវេលាដើម្បីធ្វើរឿងផ្ទាល់ខ្លួនមួយ ទាន់ខ្លួននៅក្មេង ។
សំណាង អេលីណា គឺជាអតីត Miss Universe ឆ្នាំ ២០១៩ បន្ទាប់ពីជាក់ជាជ័យលោភីមក នាងក៏បានបន្សាត់ខ្លួនចូលក្នុងវិស័យសម្តែង ដោយនាងទទួលថតរឿងភាគជាច្រើនឱ្យស្ថានីយ៍ទូរទស្សន៍ មួយចំនួន ហើយកេរ្តិ័ឈ្មោះនាងកាន់តែល្បីល្បាញឡើង ។
ជួបជាមួយតារាស្រី សំណាង អេលីណា កាលពីពេលថ្មីនេះ នាងបានឱ្យដឹងថា នាងសម្រេចចិត្តផ្អាកការងារសម្តែងទុកមួយឡែក ដើម្បីមានពេលវេលាច្រើនមកពង្រឹងការសិក្សារបស់ខ្លួនវិញ ពីព្រោះនាងមានបំណងចង់បញ្ចប់ថ្នាក់បរិញ្ញាប័ត្រទំនាក់ទំនងអន្តរជាតិ ដើម្បីយកចំណេះដឹងរបស់ខ្លួនទៅបំរើការងារនៅក្នុងស្ថានទូតណាមួយ ។
ដោយសារមានក្តីប្រាថ្នាធំបែបនេះហើយបានធ្វើឱ្យ សំណាង អេលីណា ទទួលថតតែមួយ១ ប៉ុណ្ណោះ ក្នុងមួយឆ្នាំ នាងថា នាងមិនមានការសោកស្តាយនោះទេ ដែលបោះបង់ឱកាសមាសឱកាសប្រាក់ចោល តែផ្ទុយទៅវិញនាងបែរជាសប្បាយចិត្ត ដែលជិតបញ្ចប់ការសិក្សាដែលខ្លួនបានខំប្រឹងនាពេលកន្លងមក ។
ថ្វិដ្បិតតែពេលនេះស្រីស្អាត សំណាង អេលីណា មិនមានវត្តមាននៅក្នុងរឿងភាគណាមួយ តែជាញឹកញាប់ នាងលេចមុខក្នុងការដើរម៉ូដក្នុងកម្មវិធីធំៗជាមួយសិល្បករមួយចំនួន ពីព្រោះការងារទាំងនេះមិនប៉ះពាល់ដល់ការសិក្សារបស់ខ្លួនឡើយ ។
ទន្ទឹងនិងការមមាញឹកក្នុងការសិក្សា សំណាង អេលីណា ក៏បានបិទបេះដូងមិនទទួលបុរសណាម្នាក់ធ្វើជាម្ចាស់បេះដូងនៅឡើយទេ ។ សំណាង អេលីណា បានបន្ថែមថា ពេលនេះបេះដូងរបស់នាងមានតែសម្រាប់ការសិក្សាប៉ុណ្ណោះ ពេលណាដែលរៀនចប់ ទើបនាងសម្រេចចិត្តបើកបេះដូងទទួលយកបុរសក្នុងក្តីស្រមៃធ្វើជាគូស្រករ ។
ក្រៅពីអាជីពសិល្បៈ សំណាង អេលីណា ក៏បានបើកអាជីវកម្មផ្ទាល់ខ្លួនមួយ ដូច្នេះហើយទើបនាងមិនលំបាកក្នុងជីវភាពរស់នៅ ទោះនាងមិនប្រកបការងារនេះ ក៏ជីវិតនាងរស់នៅសុខស្រួលដែរ ៕