តារាសម្តែង សិទ្ធី នីកា កាន់តែមានក្តីសុខពេលស្វាមី ផ្តល់ឲ្យគ្រប់បែបយ៉ាងទាំងការងារសិល្បៈ និងរឿងយកកូនទី ២

តារាសម្តែង សិទ្ធី នីកា កាន់តែមានក្តីសុខ នៅពេលដែលស្វាមីផ្តល់ឲ្យគ្រប់បែបយ៉ាងសម្រាប់នាង ទាំងរឿងការងារសិល្បៈ ក៏ដូចជារឿងផ្ទាល់ខ្លួន ជាពិសេសរឿងយកកូនទី ២ ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ។

ពេលនេះកូនប្រុសរបស់តារាសម្តែង សិទ្ធី នីកា មានវ័យជិត ៤ ឆ្នាំហើយ ហើយទំនាក់ទំនងនាងនិងស្វាមីដែលជាសែរាជវង្ស ក៏កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើង ដែលធ្វើឱ្យ សិទ្ធី នីកា កាន់តែកក់ក្តៅចិត្ត មិនថាទៅចូលរួមកម្មវិធីតូចធំ ស្វាមីមិនដែលបានហាមឃាត់ឡើយ ។

ក្រៅពីបំពេញការងាររបស់ខ្លួននៅខាងក្រៅ សិទ្ធី នីកា ក៏បានបំពេញតួនាទីជាភរិយា និងជាម្តាយដ៏ល្អនៅក្នុងផ្ទះ ដូច្នេះហើយកាន់តែធ្វើឱ្យស្វាមីស្រឡាញ់ថ្នាក់ថ្នមនាងទ្វេរដង បើទោះបីជានាងមិនធ្វើការងារអ្វី ក៏នាងអាចរស់នៅយ៉ាងស្រួលលើគំនរមាសប្រាក់ ប៉ុន្តែដោយក្តីស្រឡាញ់ខាងផ្នែក សិល្បៈ សិទ្ធី នីកា នៅតែបន្តក្នុងអាជីពនេះដូចមុនដដែល ហើយថែមទាំងទទួលបានការគាំទ្រ និង ការលើកទឹកចិត្តពីស្វាមី ។

សិទ្ធី នីកា បានរៀបរាប់ប្រាប់ថា ស្វាមីមិនដែលហាមឃាត់នាង ឱ្យឈប់ពីសិល្បៈនោះទេ ពីព្រោះការងារនេះជាការងារដែលនាងស្រឡាញ់ពេញចិត្ត ហើយនាងក៏មិនខ្លាចហត់នឿយក្នុងការធ្វើការងារនេះដែរ ។ ស្វាមីបានផ្តល់សិទ្ធគ្រប់បែបយ៉ាងសម្រាប់នាង មិនថាការងារសិល្បៈ ឬ រឿងជីវិតឯកជនឡើយ ជាពិសេសរឿងយកកូនទី ២ តែម្តង ស្វាមីមិនបានបង្ខំនាងចំពោះរឿងនេះទេ ។

សិទ្ធី នីកា និង ស្វាមី តែងតែចំណាយពេលវេលាដើរកម្សាន្តនៅតាមតំបន់កម្សាន្តនានាជុំវិញខេត្តក្រុង ដើម្បីពង្រឹងចំណងស្នេហ៍អ្នកទាំងពីរឱ្យកាន់តែរឹងមាំឡើង ។ ហើយអ្វីដែលកាន់តែគួរឱ្យសរសើរនោះ គឺនៅក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក សិទ្ធី នីកា បានជួយការងារនិងនៅក្បែរស្វាមីគ្រប់ជំហាន ហើយនាងថែមទាំងបានរៀបចំអាហារជូនស្វាមីជាទីស្រឡាញ់របស់ខ្លួនផងដែរ ទង្វើរនេះកាន់តែធ្វើឱ្យ ស្វាមី សិទ្ធី នីកា ស្រឡាញ់នាងទ្វេរដង ។

សិទ្ធី នីកា បានបន្ថែមទៀតថា នាងនិងស្វាមីមានគម្រោងយកកូនទី ២ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ហើយនាងក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីយកកូនទី ២ ។

សិទ្ធី នីកា ជាតារាសម្តែងស្រីមួយរូបដែលមិនចូលចិត្តលាក់បាំងជីវិតឯកជនរបស់ខ្លួនឡើយ ជាញឹកញាប់នាងបានបង្ហាញពីជីវិតគ្រួសារប្រកបដោយសុភមង្គលឱ្យទស្សនិកជនបានឃើញនៅលើសង្គមហ្វេសប៊ុក ដែលធ្វើឱ្យទស្សនិកជនជាច្រើនសរសើរថា សិទ្ធី នីកា ជាសិល្បការិនីមូយរូបដែលមានសំណាងបានស្វាមីសែរាជវង្សហើយ  ថែមទាំងស្រឡាញ់ថ្នាក់ថ្នម មិនឱ្យនាងលំបាក សូម្បីតែមិត្តភក្តិសិល្បៈដែលធ្លាប់សម្តែងជាមួយនាងក៏លាន់មាត់សរសើរវាសនា សិទ្ធី នីកា ផងដែរ ៕