ស្របពេលដែលវិដេអូកញ្ញា អ៊ិន លក្ខិណា ខ្យល់គ ដួលសន្លប់ បន្ទាប់ពីសម្តែងក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម បានចែកចាយនៅលើបណ្តាសង្គម ស្រាប់តែមានអ្នកខ្លះរិះគន់ និងថា នាងសម្តែង ធ្វើឈឺដើម្បទាក់ទាញចំណាប់អារម្មណ៍ តែទោះជាយ៉ាងនេះក្តី កញ្ញា អ៊ិន លក្ខិណា បានអះអាងថា នាងពិតជាមានបញ្ហាសុខភាពយ៉ាងពិតប្រាកដមែន ។
នៅក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី ០៥ ខែ ឧសភា កន្លងមកនេះ មានសិល្បករសិល្បការិនីជាច្រើនចូលរួមសម្តែង ដោយឡែកកញ្ញា អ៊ិន លក្ខិណា ក៏មានវត្តមាននៅក្នុងថ្ងៃនោះផងដែរ ជាក់ស្តែងនាងបានចូលរួមហ្វឹកហាត់ជាមួយសិល្បករជាច្រើនរូបទៀត ។ ដោយសារខំប្រឹងអស់ជាច្រើនថ្ងៃធ្វើឱ្យ សុខភាព អ៊ិន លក្ខិណា មិនសូវល្អប៉ុន្មានទេ ប៉ុន្តែនាងព្យាយយាមបំពេញការងាររបស់ខ្លួនរហូតដល់ចប់សព្វគ្រប់ ។
គ្រាន់តែកម្មវិធីចប់ អ៊ិន លក្ខិណា បង្ហាញនូវរូបភាពនិងសកម្មភាពដែលនាងខ្យល់គ ស្ទើរតែដួលសន្លប់ និងមានការជួយសង្គ្រោះបឋមពីពេទ្យប្រចាំការនៅទីនោះ ។ គ្រាន់តែឃើញរូបភាពទាំងនោះ មានអ្នកខ្លះនិយាយថា អ៊ិន លក្ខិណា សម្តែងធ្វើជាឈឺ ។
ចំពោះរឿងនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ អ៊ិន លក្ខិណា យ៉ាងខ្លាំង តែទោះជាយ៉ាងណាក្តី អ៊ិន លក្ខិណា បាននិយាយថា « នាងខ្ញុំពិតជាមានមោទនភាពណាស់ដែលបានចូលរួមកម្មវិធីដ៏អស្ចារ្យ មួយនេះ នាងខ្ញុំមិនមែនមានសុខភាពទន់ខ្សោយទេ ប៉ុន្តែនាងខ្ញុំទើបតែទទួលការវះកាត់ថ្មីៗ សូមកុំកាត់ក្តីខ្ញុំ ដោយមិនបានដឹងរឿងច្បាស់ » ។
ក្រៅពីកញ្ញា អ៊ិន លក្ខិណា ដែលបានខ្យល់គ នៅក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម ក៏មានសិល្បករសិល្បការិនីមួយចំនួនទៀត មានបញ្ហាសុខភាពផងដែរ ដូចជា ពូឃ្លាំង ជាដើម …។
ក្រៅពីបំពេញការងារក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កញ្ញា អ៊ិន លក្ខិណា ក៏មមាញឹកនៅក្នុងការហ្វឹកហាត់ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2023 ផងដែរ បន្ទាប់ពីបរាជ័យក្នុងកម្មវិធីនេះម្តងរួចមកហើយកាលពី ប៉ុន្មានឆ្នាំមុន ។
ជាមួយនិងការវិលត្រឡប់មកប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀត កញ្ញា អ៊ិន លក្ខិណា បានបង្ហាញនូវទំនុកចិត្ត និងបេជ្ញាចិត្តថា នាងនឹងប្រឹងប្រែងធ្វើឱ្យបានល្អគ្រប់ការប្រកួត ដើម្បីទទួលបានពានរង្វាន់នៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ៕