តាំងពីបែកធ្លាយរឿងបែកផ្លូវគ្នាជាមួយស្វាមី មាស សុខសោភា ប្រើពាក្យប្លែកៗធ្វើឱ្យអ្នកគាំទ្រព្រួយបារម្មណ៍ !

ចាប់តាំងពីបែកធ្លាយព័ត៌មានថាបែកផ្លូវគ្នាជាមួយស្វាមីមក តារាចម្រៀងស្រី មាស សុខសោភា បានប្រើពាក្យប្លែកៗ និងងាកទៅកាន់ផ្លូវព្រះពុទ្ធសាសនាកាន់តែខ្លាំង ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្មណ៍ពីសុវត្ថិភាពផ្លូវចិត្តរបស់នាង ។ 

នៅមុនអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ស្វាមីរបស់តារាចម្រៀង មាស សុខសោភា បានប្រកាសលាឈប់ពីផលិតកម្ម Camtrax Music ដែលបានកាន់កាប់អស់ពេលជាច្រើនឆ្នាំ ។ ខណៈពេលនោះមហាជនជាច្រើនគិតថា ទំនាក់ទំនង មាស សុខសោភា និង ស្វាមី គឺឈានដល់ការបែកបាក់ទៅហើយ ប៉ុន្តែមកទល់ពេលនេះអ្នកទាំងពីរនៅពុំទាន់ចេញមុខបញ្ជាក់ការពិតនៅឡើយទេ ។ 

អ្វីដែលកាន់តែធ្វើឱ្យមហាជននិងអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភនោះ គឺតារាចម្រៀង មាស សុខសោភា បានប្រើពាក្យប្លែកៗគួរឱ្យព្រួយបារម្ភ ជាក់ស្តែកាលពីពេលថ្មីៗនេះនាងបានបង្ហោះសាថា « មាតាដើមរបស់យើងបានប្រទានធម្មជាតិទាំង៧ដែលមានភាពបិរសុទ្ធមកឱ្យកូនស្រីប្រុសរបស់លោកគ្រប់ៗគ្នាដើម្បីឱ្យនាំគ្នាថែរក្សាឱ្យបានគង់វង្សនិងប្រឹងប្រែងស្វែងរកទឹកអម្រិតមកដាក់ក្នុងខ្លួន តែមកដល់ពេលនេះម៉ោងនេះភាពបរិសុទ្ធដែលនៅក្នុងខ្លួនរបស់មនុស្សយើងម្នាក់ៗនេះគឺត្រូវបានរាហុអសុរិន្ទ វាដណ្តើមយកមកបានអស់ទៅហើយ រាហ៊ូអសុរិន្ទនោះហើយដែលវាឈរកាន់នូវភពខ្មៅ និងឈរកាន់នូវពាក្យអកុសធម៌ ទើស ច្រណែន ពណ៌ខ្មៅ កំហឹងលោភលន់ និងចង់ឈ្នះចាញ់មិនស្គាល់ខុសត្រូវ ចចេស ទុក្ខសោក កំណាញ់ សេចក្តីប្រាថ្នាគ្មានដែនកំណត់ » ។ 

ទស្សនិកជនជាច្រើននៅពេលដែលឃើញសារ មាស សុខសោភា បែបនេះម្នាក់ៗគិតថា តារាចម្រៀង មាស សុខសោភា កំពុងមានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរយ៉ាងពិតប្រាកដមែន តែទោះជាយ៉ាងណាពួកគេជូនពរឱ្យតារាចម្រៀង មាស សុខសោភា មានសុខភាពល្អ និងរីករាយឡើងវិញ ៕