តារាចម្រៀង សួស វីសា កាន់តែមានសុភមង្គល បន្ទាប់ពីសម្រាលកូនប្រុសទី២របស់ខ្លួនកាលពីមុនដើមខែ មេសា កន្លងមកនេះ ក្រោយពីទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីស្វាមីបណ្តូលចិត្ត ។ អ្វីដែលកាន់តែរំភើបនោះគឺនៅក្នុងថ្ងៃកំណើតរបស់នាងកាលពីថ្ងៃទី ០២ ខែ មេសា ស្វាមីរបស់នាងបានផ្តល់កាដូជាឈុតគ្រឿងពេជ្រដ៏មានតម្លៃដល់នាងផងដែរ ។

តារាចម្រៀង សួស វីសា បានពោលពាក្យយ៉ាងក្តុកក្តួលចិត្តថា « អរគុណណាស់ប្តី ជាង១០ឆ្នាំហើយ បងនៅតែជាបុរសល្អសម្រាប់អូនជានិច្ច អូនចាំបានកាលយើងនៅកម្សត់កម្សជាមួយ បងសន្យាថាបើថ្ងៃក្រោយបងមានសមត្ថភាព និងលិទ្ធភាពនោះយើងនឹងរៀបការហើយ មានកូនស្រីកូនប្រុសជាមួយគ្នា ហើយបងនឹងធ្វើជាគំរូដ៏ល្អដល់កូនៗយើងបង្ហាញពីទំនួលខុសត្រូវនិងក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកឱ្យកូនៗយើងបានឃើញ និងយកគំរូតាម ។ ឥឡូវអូនចង់ប្រាប់ប្តីថា បងពូកែណាស់ បងអាចធ្វើបានហើយ » ។
នៅក្នុងថ្ងៃកំណើតឆ្នាំនេះតារាចម្រៀង សួស វីសា កាន់តែទទួលបានភាពកក់ក្កៅខ្លាំងពីស្វាមីបណ្តូលចិត្ត ដោយលោក ថេមមី បានទិញកាដូជាគ្រឿងអលង្ការពេជ្រដ៏ធំជូនភរិយាជាទីស្រឡាញ់ ដែលបានខំប្រឹងលះបង់បង្កើតកូន និងធ្វើជាភរិយា និងជាម្តាយដ៏ល្អនៅក្នុងគ្រួសារ ។
សួស វីសា នៅពុំទាន់មានគម្រោងនឹងវិលត្រឡប់ទៅកាន់វិស័យចម្រៀងឡើងវិញនៅឡើយទេ ដោយសារពេលនេះនាងនៅសរសៃខ្ចី ម្យ៉ាងវិញទៀតរូបរាងរបស់នាងនៅពុំទាន់វិលត្រឡប់មកដូចដើមនៅឡើយទេ ។ តែទោះជាយ៉ាងណានៅតែនិយាយថា អាជីពចម្រៀងនាងនៅតែបន្ត ៕


