ក្រុមរបាំត្រុដលោកតា ហ៊្វុយហ្សូ ឆ្នាំនេះនៅតែមានប្រជាប្រិយភាព !

លោកតា ហ៊្វុយហ្សូ បានដឹកនាំក្រុមសិល្បៈរបស់លោកតាចូលរួមសម្តែងរបាំត្រុដតាមបណ្តាក្រុមហ៊ុននិងសមាគមនានាដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណី ខ្មែរ បើទោះបីជាសុខភាពរបស់លោកតា មិនសូវល្អដូចដើមក្តី ។ 

ដូចមហាជនបានដឹងស្រាប់ហើយថា ជារៀងរាល់ឆ្នាំលោកតា ហ៊្វុយហ្សូ តែងតែដឹកនាំក្រុមរបាំត្រុដរបស់លោកចូលរួមសម្តែងនៅក្នុងកម្មវិធីធំៗជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី ០៨ ខែ មេសា កន្លងមកនេះ លោកតាបានដឹកនាំក្រុមទៅសម្តែងនៅសមាគមសិល្បករខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ ។ 

របាំត្រុដ ច្រើនតែធ្វើឡើងនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដើម្បីដេញឧបទ្រោបចង្រៃ ឆ្នាំចាស់ផុតទៅ ឆ្នាំថ្មីមកដល់ ។ សម្រាប់សិល្បករវ័យក្មេងដែលទស្សនិកជនបានឃើញនេះ គឺពួកគេទាំងអស់គ្នាសុទ្ធសឹងជាក្មេងកំព្រា គ្មានទីពឹង និង ជាកូនចៅរបស់លោកតា ហ៊្វុយហ្សូ ដែលបានរើសយកមកចិញ្ចឹមនិងបណ្តុះបណ្តាលឱ្យមានជំនាញខាងសិល្បៈ ដើម្បីប្រកបរបរកស៊ីចិញ្ចឹមខ្លួន ជាក់ស្តែងក្នុងឈុតសម្តែងរបាំត្រុដ ពួកគេម្នាក់ៗពិតជាធ្វើបានយ៉ាងល្អ ថែមទាំងទទួលបានការសរសើរច្រើនពីមហាជននៅពេលដែលចេញសម្តែងម្តងៗ ។ 

ចាប់តាំងពីដើមខែមេសាមក ក្រុមរបាំត្រុដរបស់លោកតា ហ៊្វុយហ្សូ ចាប់ផ្តើមចេញសម្តែងជារៀងរាល់ថ្ងៃ ថ្ងៃខ្លះចេញសម្តែងរហូតដល់ទៅ ៣ ឬ ៤ កន្លែងផ្សេងគ្នាទៅតាមការអញ្ជើញរបស់ស្ថាប័ណ្ណ និងក្រុមហ៊ុននានាក្នុងទីក្រុងភ្នំពេញ ពីព្រោះក្រុមរបាំត្រុដលោកតា ហ៊្វុយហ្សូ ពេញនិយមខ្លាំង និងមានអ្នកស្គាល់ច្រើន ដើម្បីសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ លោក សួន តាម៉ីង ដែលជាអ្នកដឹកនាំក្រុមរបាំត្រុដក្នុងក្រុមរបស់លោកតា ហ៊្វុយហ្សូ ក៏បានបង្ហាញនូវអារម្មណ៍រីករាយក៏ដូចជាអត្ថន័យខ្លះៗក្នុងការសម្តែងរបាំត្រុដ ។ លោក សួង តាម៉ីង ថែមទាំងបាននិយាយថាក្នុងឆ្នាំ២០២៥នេះ របាំត្រុដពិតជាពេញនិយមណាស់តាមស្ថាប័ណ្ណនានា របាំត្រុដ អាចលេងនិងសម្តែងបានគ្រប់រដូវកាល មិនថារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ពិធីឡើងកេហដ្ឋាន ឬបុណ្យទានផ្សេងៗ…៕