ទើបតែចាយលុយជាង ១០ ម៉ឺនដុល្លារ ក្នុងការចេញទៅដើរកម្សាន្តនៅទឹកដី អាមេរិក មិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ មាន សូនីតា មានគម្រោងនឹងទៅជះលុយដើរលេងនៅប្រទេសក្នុងក្តីសុបិនរបស់ខ្លួនជាបន្តទៀត ដោយលើកនេះនាងអាចនឹងចំណាយអស់ច្រើនជាងលើកមុន មុននឹងនាងសម្រេចចិត្តចូលរោងការជាមួយគូស្នេហ៍អាថ៌កំបាំង ។
មាន សូនីតា មិនត្រឹមតែជាតារាសម្តែងដ៏មានទេពកោលស្យប៉ុណ្ណោះទេ នាងថែមទាំងជាតារាបង្ហាញម៉ូដ៏លេចធ្លោមួយរូប ដែលធ្លាប់ចេញទៅដើរម៉ូដនៅក្រៅប្រទេសក្នុងកម្មវិធីធំៗជាច្រើន ហើយសម្រាប់ឆ្នាំ នេះនាងក៏មានគម្រោងនឹងចេញទៅបង្ហាញម៉ូដនៅក្រៅប្រទេសផងដែរនៅបំណាច់ឆ្នាំ ២០២៣ ខាងមុខ ដូច្នេះហើយទើបនាងត្រូវត្រៀមខ្លួនចាប់ពីពេលនេះតទៅ ។
ជាមួយនិងការត្រៀមខ្លួនចេញទៅបង្ហាញមុខក្នុងការបង្ហាញម៉ូដនៅក្រៅប្រទេសជាថ្មីម្តងទៀត មាន សូនីតា ក៏ត្រៀមនឹងចាយលុយផ្ទាល់ខ្លួនដើម្បីដើរកម្សាន្តនៅប្រទេសក្នុងក្តីសុបិនខ្លួនជាបន្តទៀតដែរ ជាក់ស្តែងកាលពីដើមឆ្នាំ ២០២៣ មាន សូនីតា បានចំណាយលុយផ្ទាល់ខ្លួនជាង ១០ ម៉ឺនដុល្លារ ដើម្បីដើរកម្សាន្តនៅលើទឹកដី សហរដ្ឋអាមេរិក ជាមួយមិត្តភក្តិជាច្រើនរូបទៀត នាពេលនោះ មាន សូនីតា ធ្លាប់បាននិយាយថា បើមានឱកាសល្អ នាងនឹងបន្តចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជាបន្តទៀតនៅបំណាច់ឆ្នាំ ២០២៣ មុននឹងនាងសម្រេចបញ្ចប់ជិវិតនៅលីវ ។
គួរបញ្ជាក់ផងដែរថា រាល់ពេលចេញទៅដើរកម្សាន្តនៅក្រៅប្រទេសម្តងៗ មាន សូនីតា មិនខ្វល់ពីការចំណាយ ឬ ការចាយវាយនោះទេ អ្វីដែលសំខាន់ គឺនាងសប្បាយចិត្ត ។ មាន សូនីតា ធ្លាប់បាននិយាយថា រកលុយផង ដើរលេងផង ទើបជីវិតមានន័យ ។ មកទល់ពេលនេះ មាន សូនីតា នៅតែមិនទាន់បង្ហាញមុខមាត់ពិតគូស្នេហ៍ខ្លួនឱ្យទស្សនិកជនបានស្គាល់ ពីព្រោះនាងចង់ឱ្យជីវិតឯកជនរបស់ខ្លួនស្ងប់ស្ងាត់ ពេលណាដែលសម្រេចចិត្តរៀបការ នាងនឹងដឹកដៃគូស្នេហ៍ចូលរោងការតែម្តង ៕