មិនល្បីឈ្មោះក្នុងស្រុកតែ ថន ថាណែត ល្បីឈ្មោះលើឆាកអន្តរជាតិ 

តារាសម្តែង ថន ថាណែត មិនខ្វល់ពីរឿងល្បីឈ្មោះក្នុងស្រុកឡើយ ផ្ទុយទៅវិញកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញខ្លាំងនៅលើឆាកអន្តរជាតិ ជាក់ស្តែងរៀងរាល់ឆ្នាំនាងមានស្នាដៃធំៗជាច្រើនចូលរួមប្រកួតប្រជែងនៅក្នុងបមហោស្រពធំៗនៅលើឆាកអន្តរជាតិ ។ 

បើនិយាយពីកេរ្តិ៍ឈ្មោះតារាសម្តែង ថន ថាណែត នៅក្នុងប្រទេសវិញគឺមានមហាជនតិចតួចណាស់ដែលស្គាល់ និងចាប់អារម្មណ៍រូបនាង ពីព្រោះនាងថតភាពយន្តបានតិចតួចណាស់ឱ្យផលិតកម្មក្នុងស្រុក ប៉ុន្តែបើក្រឡេកទៅមើលស្នាដៃនៅក្រៅប្រទេសវិញ ក្នុងមួយឆ្នាំៗគឺនាងថតបានច្រើនរឿង និងបាននាំភាពយន្តរបស់ខ្លួនទៅចូលរួមមហោស្រពធំៗជាច្រើនជុំវិញពិភពលោក ។ 

រៀងរាល់ឆ្នាំតារាសម្តែង ថន ថាណែត តែងតែមានវត្តមាននៅក្នុងមហោស្រពភាពយន្តអន្តរជាតិមិនដែលខាន ហើយនាងតែងតែទទួលបានពានរង្វាន់ជាច្រើនទៅលើស្នាដៃសម្តែងរបស់ខ្លួន ។ សម្រាប់ឆ្នាំ២០២៥ ថន ថាណែត ក៏មានវត្តមាននៅក្នុងមហោស្រពអន្តរជាតិលើកទី១៤ កាលពីពេលថ្មីៗនេះ នាងក៏មានស្នាដៃធំៗចំនួន ២ផងដែរ ដែលបានដាក់ចូលរួមប្រកួតប្រជែង ។

អ្នកនាង ថន ថាណែត បានបញ្ជាក់ប្រាប់ថា នាងមិនខ្វល់ថា នាងល្បីឈ្មោះ ឬមិនល្បីឈ្មោះ មានអ្នកស្គាល់ ឬមិនស្គាល់ឡើយ ពីព្រោះគោលដៅធំរបស់នាង គឺចង់ល្បីឈ្មោះនៅលើឆាកអន្តរជាតិច្រើនជាង ដោយនាងផ្តល់សំខាន់ទៅលើវិស័យអប់រំ និងនាំកម្ពុជា ទៅឆាកអន្តរជាតិ  ។ 

នៅក្នុងឆ្នាំ២០២៥ នេះ តារាសម្តែង ថន ថាណែត ក៏មានស្នាដៃធំៗជាច្រើនផ្សេងទៀតដើម្បីត្រៀមនឹងយកទៅចូលរួមនៅក្នុងមហោស្រពភាពយន្តធំៗនៅក្រៅប្រទេស នាងរំពឹងថា ស្នាដៃទាំងអស់នឹងទទួលបានការចាប់អារម្មណ៍មិនចាញ់ស្នាដៃមុនៗរបស់ខ្លួនខ្លួនឡើយ ៕