ធ្លាប់តែជាស្រីស្អាតហាយសូរ តែងខ្លួនស្អាតៗប្រើប្រាស់សម្ភារៈប្រ៊េនប្រ៊េន ពេលនេះកញ្ញា អៀ ម៉េងលិ បានលះបង់និងធ្វើខ្លួនយ៉ាងសាមញ្ញ ដោយបានបោះទុនប្រាក់រាប់ម៉ឺនដុល្លារដើម្បីបើកហាងកាហ្វេធម្មតាមួយ បន្ទាប់ពីនាងបានបែកបាក់ជាមួយគូស្នេហ៍វ័យក្មេងរបស់ខ្លួន ។

កញ្ញា អៀ ម៉េងលិ បានបង្ហាញនូវអារម្មណ៍រីករាយថា នាងពិតជាសប្បាយចិត្តណាស់ដែលមានអាជីវកម្មថ្មីដោយខ្លួនឯង ថ្វីដ្បិតតែជាហាងកាហ្វេនេះមើលទៅធម្មតា តែជាក្តីស្រមៃដែលនាងចង់ធ្វើជាយូរមកហើយ ។ នាងថែមទាំងរំពឹងថាអាជីវកម្មថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ។
ទោះបីជាមិនបានប្រាប់លំអិតអំពីការបោះទុនប្រាក់ក្នុងការបើកហាងកាហ្វេនេះ តែអ្នកស្គាល់គ្នាជាមួយ អៀ ម៉េងលិ បានបង្ហើបប្រាប់ថា អៀ ម៉េងលិ បានចំណាយប្រាក់រាប់ម៉ឺនដុល្លារដើម្បីបើកហាងនេះ ។
តារាសិចស៊ី អៀ ម៉េងលិ ចាប់ផ្តើមចេញរកស៊ីមុខរបរលក់កាហ្វេ បន្ទាប់ពីបានបែកផ្លូវគ្នាជាមួយមិត្តប្រុសរបស់ខ្លួន ក្រោយពីនាងបានបណ្តើរគូស្នេហ៍ទៅផ្អែមល្ហែមនិងគ្នានៅលើទឹកដីអឺរ៉ុបកាលពីដើមខែ មករា កន្លងមកនេះ ។
អៀ ម៉េងលិ បានកប់ការឈឺចាប់ទាំងនោះចោល ដោយមិននឹកស្រណោះ អាឡោះអាល័យអ្វីទាំងអស់ នាងបានលុបរូបខ្លួននិងដៃគូចោល និងចាប់ផ្តើមជីវិតថ្មីជាមួយអាជីវកម្មថ្មីយ៉ាងសប្បាយរីករាយបំផុត នាងមិនត្រឹមតែមើលខុសត្រូវហាងដោយខ្លួនឯងនោះទេ នាងថែមទាំងជាអ្នកឆុងកាហ្វេជូនភ្ញៀវដោយផ្ទាល់តែម្តង ។
ក្រៅពីការងារលក់កាហ្វេ អៀ ម៉េងលិ ក៏ចាប់ផ្តើមទទួលការងារសិល្បៈឡើងវិញ ថ្មីៗនេះនាងបានចូលទៅថតផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនមួយចំនួន ដើម្បីបង្កើនប្រាក់ចំណូល ៕


