ទស្សនិកជនធ្លាប់តែឃើញព្រះនាង នរោត្តម ជេនណា ច្រៀងរាំនិងសម្តែង តែពេលនេះព្រះនាងនឹងលេចវត្តមានថ្មីនៅក្នុងការបង្ហាញម៉ូដដ៏ធំជាលើកដំបូងក្នុងជីវិត ជាមួយនិងរសជាតិថ្មី ប្លែក មិនធ្លាប់មានពីមុនមក ។

តាមការបញ្ជាក់ប្រាប់ពីលោក អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូដនិងបង្រៀនដើរម៉ូដល្បីឈ្មោះ បានឱ្យដឹងថា នៅថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២៥ ខាងមុខលោកត្រៀមនឹងរៀបចំពិធីបង្ហាញម៉ូដដ៏ធំប្រចាំឆ្នាំមួយដែលមិនធ្លាប់មានពីមុនមក ដោយបានអញ្ជើញតារាបង្ហាញម៉ូដជាច្រើនចូលរួម ក្នុងនោះក៏មានព្រះនាង នរោត្តម ជេនណា ចូលរួមបង្ហាញម៉ូដនៅពេលបិទកម្មវិធីផងដែរ ។
នេះជាលើកទីមួយហើយដែលព្រះនាង នរោត្តម ជេនណា នឹងមានវត្តមាននៅក្នុងវិស័យបង្ហាញម៉ូដ ជាក់ស្តែងកន្លងមកព្រះនាងលេចមុខតែក្នុងការងារចម្រៀង សម្តែង និង រាំតែប៉ុណ្ណោះ ។ មហាជនជាច្រើនកំពុងទន្ទឹងរងចាំមើលព្រះនាង ជេនណា ក្នុងវិស័យបង្ហាញម៉ូដវិញម្តង ថា តើព្រះនាងអាចធ្វើបានល្អកម្រិតណាដែរ ។
ជាមួយគ្នានេះ លោក អូលីវ៉ា គង់ ក៏ជាអ្នកបង្ហាត់បង្រៀនព្រះនាង ជេនណា ដោយផ្ទាល់តែម្តង សម្រាប់បង្ហាញម៉ូដនៅក្នុងកម្មវិធីដ៏ធំនៅខែក្រោយ ។ លោក អូលីវ៉ា គង់ បានប្រាប់ថា ព្រះនាងពូកែខ្លាំងណាស់ មិនថា ច្រៀង សម្តែង ឬ រាំ សូម្បីតែការងារបង្ហាញម៉ូដក៏មិនធម្មតាដែរ លោកបង្រៀនព្រះនាង ត្រឹមតែ ២ ទៅ ៣ ដង គឺព្រះនាងអាចចាប់បាន និងពូកែខ្លាំង ៕




