លោក ខេម និង ស៊ុន ស្រីពេជ្រ ប៉ះគ្នាលើកដំបូងក្នុងការថតកម្រងចម្រៀង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី »

នេះជាលើកដំបូងហើយដែលតារាចម្រៀងលោក ខេម និង ស៊ុន ស្រីពេជ្រ បានប៉ះគ្នាក្នុងការថតកម្រចម្រៀង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បន្ទាប់ពីផលិតកម្មទទួលបានសិទ្ធពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិតកម្រងចម្រៀងនេះឡើង ។ 

ក្នុងសន្នីសីទសារព័ត៌មានស្តីពីការទទួលសិទ្ធិពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី »ដែលជារឿងប្រវត្តិសាស្រ្ត និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី ២០​ខែមីនា កន្លងមកនេះ មានការចូលរួមដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ទីប្រឹក្សាផលិតកម្ម ផលិតករ អ្នកនិពន្ធ តារាចម្រៀង និងសិល្បករសិល្បការិនីជាច្រើនរូប ។ 

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានមានប្រសាសន៍ថា ក្នុងនាមអ្នកឧកញ៉ានិងឯកឧត្តម ហ៊ឹម នភា ពិតជាមានមោទនភាពខ្ពង់ខ្ពស់ណាស់ដែលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ត្រា ទទួលបាននូវភារកិច្ចដ៏មានតម្លៃជាប្រវត្តិសាស្រ្តក្នុងការផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ឡើងដើម្បីទុកជាមរតកដល់អ្នកជំនាន់ក្រោយបានដឹង និងស្វែងយល់ពីដំណើររឿង ដោយសាររឿងនេះជាដំណាក់កាលប្រវត្តិសាស្រ្ត និងជារឿងពិតដែលនិយាយពីសាច់រឿងរបស់សម្តេចតេជោ ក្នុងអំឡុងពេលចូលព្រៃ ហើយធ្វើការតស៊ូ និងស្វែងរកការផ្សះផ្សាយនាំសន្តិភាពជូនជាតិមាតុភូមិ ។

តារាច្រៀង ខេម និងអ្នកនាង ស៊ុន ស្រីពេជ្រ ត្រូវបានផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជ្រើសរើសដើម្បីចូលរួមចម្រៀងក្នុងកម្រងចម្រៀងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ផងដែរ ។ នាឱកាសនោះតារាចម្រៀង ខេម បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា លោកពិតជាមានមោទនភាព និងសំណាងណាស់ក្នុងនាមជាតារាចម្រៀងសម័យម្នាក់មានឱកាសបានចូលរួមបកស្រាយចម្រៀងទាក់ទងសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ដែលជាប្រវត្តិសាស្រ្តសម្តេចតេជោ ។ ក្នុងបទចម្រៀងទាំងនោះមានគ្រប់រសជាតិ ទាំងការរៀនសូត្រ ស្នេហា ការបែកបាក់ និងការជួបជុំ ។ 

តារាចម្រៀង ស៊ុន ស្រីពេជ្រ ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា នេះជាលើកដំបូងហើយដែលនាងមានឱកាសបានចូលរួមថតបទចម្រៀងជាមួយលោក ខេម ។ នាងពិតជារីករាយណាស់ព្រោះលោក ខេម គឺជា Idol របស់នាងផងដែរ ។ សម្រាប់ការថតកម្រចម្រៀងនៅក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » គឺជួបនូវការលំបាកច្រើន ដោយសារតែបទចម្រៀងទាំងនោះ យើងត្រូវដាក់មនោរសញ្ចេតនាខ្ពស់ ទាំងការលើកដាក់សម្លេងក៏ដូចជាឃ្លាឃ្លោដែលត្រូវច្រៀង ធ្វើយ៉ាងណាឱ្យបានល្អបំផុត តែទោះជាយ៉ាងណានាងបានខំប្រឹងធ្វើអស់ពីសមត្ថភាព ដើម្បីឱ្យកម្រចម្រៀងនេះទទួលបានលទ្ធផលល្អ ។ 

បទចម្រៀងរបស់លោក ខេម ដែលមានចំណងជើងថា « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » និងបទ « ទំហំបេះដូងម៉ែពុក » របស់អ្នកនាងស៊ុន ស្រីពេជ្រ បានចេញជាផ្លូវការហើយនៅក្នុងផលិកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ សម្រាប់បទចម្រៀងរួមគ្នារវាងលោក ខេម និង ស៊ុន ស្រីពេជ្រ ត្រៀមនឹងចេញជាបន្តបន្ទាប់នៅពេលក្រោយៗ …៕ 

គួរបញ្ជាក់ផងដែរថា ការផលិតអាល់ប៊ុមកម្រងចម្រៀងជាផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក្នុងរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » នេះ ជាជំហានដំបូងក្នុង១អាល់ប៊ុម មានចន្លោះពី ៨វ៉ុល ទៅ១០ វ៉ុល ដែលក្នុងវ៉ុលនិមួយៗមាន១០បទ សរុបប្រហែលចន្លោះពី៨០បទទៅ១០០ បទ មានទាំងបទលំនាំបទពីដើម និងមេឡូឌីថ្មីប្រហែល២០០បទ ។ ក្រៅពីទទួលបានសិទ្ធក្នុងការផលិតកម្រចម្រៀងទាំងនោះរួចរាល់អស់ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ផលិតរក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យបានទូលំទូលាយព្រមទាំងបានប្រគល់ជូនក្រុមការងារ Media របស់ សម្តេចតេជោ ដើម្បីផ្សព្វផ្សាយផងដែរ ៕