កូនលាភ កូនជ័យ សួស វីសា កំណត់ថ្ងៃវះកាត់សម្រាលកូនប្រុសយកហុងស៊ុយ ! 

តារាចម្រៀង សួស វីសា បានកំណត់ថ្ងៃវះកាត់សម្រាលកូនប្រុសរបស់ខ្លួនហើយ ដើម្បីយកហុងស៊ុយ ដោយនាងមិនសម្រាលកូនតាមធម្មជាតិឡើយ បន្ទាប់ពីគុណគូរវេលាល្អសម្រាប់ការស្វាគមន៍កូនប្រុសរបស់ខ្លួនមកកាន់ពិភពលោកថ្មី ។ 

ចាប់តាំងពីមានផ្ទៃពោះកូនទី២មក តារាចម្រៀង សួស​ វីសា បានផ្អាកពីការងារចម្រៀងទាំងស្រុង ដើម្បីមើលថែសុខភាព និងមើលមុខរបរកស៊ីរបស់ខ្លួនវិញ ជាពិសេសមួយរយៈពេលចុងក្រោយនេះ នាងហាក់ត្រូវប៉ាន់ខ្លាំងជាមួយការងាររកស៊ី ថែមទាំងបានទិញរថយន្តថ្មី ទិញផ្ទះថ្មី បង្កើនមុខរបរករស៊ីបន្ថែមជាច្រើនកន្លែង មើលទៅជីវភាពនាងធូធារខ្លាំង នាងថែមទាំងទទួលបានការស្រឡាញ់ថ្នាក់ថ្នមខ្លាំងពីស្វាមីបណ្តូលចិត្ត ។ 

ជាមួយនិងការបង្ហាញជីវិតហ៊ឹហារពោរពេញដោយសុភមង្គលនៅក្នុងគ្រួសារ តារាចម្រៀង សួស វីសា ក៏បានកំណត់ពេលវេលាដើម្បីសម្រាលកូនទី២ របស់ខ្លួនផងដែរ ។ សួស វីសា បានប្រាប់ថា នាងបាន សម្រេចចិត្តសម្រាលកូនដោយការវះកាត់ ដោយបានកំណត់យកថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៥ វេលាម៉ោង ៦ ព្រឹក ជាថ្ងៃល្អ ថ្ងៃហុងស៊ុយ សម្រាប់កូនទី២របស់ខ្លួនមកកាន់ពិភពលោកថ្មីនេះ ។ 

សួស វីសា ក៏បានបញ្ជាក់ប្រាប់ពីមូលហេតុដែលនាងមិនសម្រាលកូនដោយធម្មជាតិគឺដោយសារតែកត្តាជាច្រើន ជាពិសេសគឺកត្តាសុខភាពតែម្តង ទើបនាងសុខចិត្តកំណត់ថ្ងៃសម្រាលកូនដោយការវះកាត់ ។ នាងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីសម្រាលកូនទី២ នាងមានជំនឿចិត្តថា កូនទី២របស់ខ្លួនបាននាំលាភជ័យជាច្រើនមកឱ្យខ្លួន ទើបជីវិតគ្រួសារកាន់តែមានសុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ៕