ទីបំផុតស្នាដៃធំៗរបស់ផលិតករក្នុងនិងក្រៅស្រុកជាច្រើនបានដាក់បញ្ចាំងជាផ្លូវការហើយ បន្ទាប់ពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ បានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ កន្លងមកនេះ ក្រោយមវត្តមាន លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចត្រសិល្បៈ ព្រមទាំងសិល្បករ បវរកញ្ញានិង ផលិតករថ្មីចាស់ ខ្មែរ និងបរទេសជាច្រើនរូប ។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ ក្នុងឆ្នាំនេះមានទាំងភាពយន្តខ្នាតខ្លី និងខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល ជាពិសេសមហោស្រពនៅក្នុងឆ្នាំនេះគឺបានឆ្លុះបញ្ចាំងពីសិល្បៈ វិប្បធម៌ ការអប់រំ និងរំលឹកខួប៥០ឆ្នាំនៃរបបវាលពិឃាត ខ្មែរក្រហមផងដែរ ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ គឺប្រារពន្ធឡើងចំខួបទី៥០នៃសម័យខ្មែរក្រហមជាមួយនិងកម្មវិធីពិសេសមួយដែលមានចំណងជើងថា « ១៩៧៥-២០២៥ កម្ពុជាពីភាពអន្ធកាលទៅរកពន្លឺចែងចាំង ភាពយន្តនេះផ្តល់នូវការអប់រំ ចូលរួម និងផ្តល់សិទ្ធអំណាចដល់បុគ្គលម្នាក់ៗក្នុងការឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងរឿងរ៉ាវជាច្រើនទៀត ។ តាមរយៈភាពយន្តជាច្រើនផ្សេងទៀត មហោស្រពនេះគឺពិតជាមានសារៈសំខាន់ក្នុងការរក្សាការចងចាំ ជម្រុញការយល់ដឹង និងកិត្តិយស របស់ប្រទេស កម្ពុជា។
លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបញ្ជាក់ប្រាប់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ពិតជាដើរតួនាទីសំខាន់ក្នុងការភ្ជាប់ កម្ពុជា ទៅកាន់ពិភពលោក ព្រមទាំងបង្ហាញពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ កម្ពុជា ទៅកាន់ពិភពលោកផងដែរ ។
អ្នកនាង សុភី ឧត្តម ដែលជាកូនខ្មែរកាត់អូស្រ្តាលី និងជាទូតសុច្ឆន្ទះរបស់ CIFF និងជា Ms. Global 2025 ក៏បានចូលរួមនាឱកាសនោះផងដែរ ដោយអ្នកនាងបានបង្ហាញពីអារម្មណ៍របស់ខ្លួនថា អ្នកនាងពិតជាមានមោទនភាពណាស់ដែលបានចូលរួមមហោស្រពភាពយន្តអន្តរជាតិលើកទី១៤ នេះ ក្នុងនាមជាទូតសុច្ឆនៈរបស់ CIFF អ្នកនាងយល់ថា មហោស្រពនេះគឺជាវេទិកាមួយដ៏ល្អដែលជួយលើកស្ទួយវប្បធម៌ខ្មែរទៅកាន់ពិភពលោក ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដើរតួជាវេទិកាដ៏សំខាន់សម្រាប់អ្នកផលិតភាពយន្តទូទាំងពិភពលោក ដើម្បីភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងចែករំលែកបទពិសោធន៌ចំពោះគ្នាទៅវិញទៅមក ។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី ១៤ ចាប់ផ្តើមដាក់បញ្ចាំងភាពយន្តទាំង១៥១រឿងជាផ្លូវការចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៩ ខែមិនា ដោយឥតគិតថ្លៃនៅគ្រប់រោងភាពយន្តធំៗដែលបានកំណត់ ៕



