កញ្ញា ផន ស្រីពី សុខចិត្តផ្អាកអាជីពជាគ្រូបង្វឹកលំហាត់ប្រាណ ដើម្បីឈោងចាប់ក្តីស្រមៃធំរបស់ខ្លួនដែលចង់ក្លាយទៅជាម្ចាស់មកុដនៅក្នុងការប្រកួត Miss Cosmo Cambodia 2025 ។

ថ្មីៗនេះកញ្ញា ផន ស្រីពី បានដាក់ពាក្យចូលរួមប្រកួត Miss Cosmo Cambodia 2025 ផងដែរ ក្នុងចំណោមបេក្ខភាពទាំង២៥រូបនេះ ផន ស្រីពី ត្រូវបានចាត់ទុកថា ជាបេក្ខភាពជើងខ្លាំងមួយរូបផងដែរ ដែលមានបទពិសោធន៌ និងធ្លាប់បានឆ្លងកាត់វិស័យបវរកញ្ញាច្រើនឆាកមកហើយ ។
មើលទៅកម្ពស់កម្ពនិងរាងរៅរបស់កញ្ញា ផន ស្រីពី ពិតជាស្រស់ស្អាត និងរឹងមាំណាស់ សមជាបេក្ខភាពចូលរួមប្រកួតដណ្តើមមកុដ Miss Cosmo Cambodia 2025 មែន សូម្បីតែរូបនាងផ្ទាល់ក៏បានទទួលស្គាល់ថា ខ្លួនមានការជឿជាក់ខ្លាំងលើសមត្ថភាពក៏ដូចជាលើសម្រស់របស់ខ្លួន ។
ជាមួយនិងការប្រកួតប្រជែងដណ្តើមមកុដ Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី ក៏បានបង្ហើបប្រាប់ពីប្រវត្តិខ្លះៗរបស់ខ្លួនថា នាងជាក្មេងស្រីម្នាក់ដែលមានការតស៊ូខ្លាំងក្នុងជីវិត ថ្វីដ្បិតតែធ្លាប់បរាជ័យក្នុងការប្រកួតលើឆាកធំៗមួយចំនួន តែនាងមិនបោះបង់ចោលឡើយ ផ្ទុយទៅវិញនាងបែរជាតស៊ូ ដោយសង្ឃឹមថា ថ្ងៃណាមួយនាងនិងបានគ្រងមកុដដូចក្តីប្រាថ្នា ។
មុននឹងដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025 កញ្ញាវ័យ២៣ឆ្នាំ ផន ស្រីពី គឺជាគ្រូបង្វឹកលំហាត់ប្រាណល្បីឈ្មោះមួយដែលអាចរកប្រាក់ចំណូលបានខ្ពស់ពីអាជីពនេះ តែដោយសារចង់សម្រេចបំណងប្រាថ្នាធំរបស់ខ្លួននាងសុខចិត្តផ្អាកការងារនោះទុកមួយឡែក ។ កញ្ញា ផន ស្រីពី បានបញ្ជាក់ប្រាប់ថា ដើម្បីចូលរួមប្រកួតក្នុងវិស័យបវរកញ្ញា នាងមិនស្តាយក្រោយក្នុងការផ្អាកការងារជាគ្រូបង្វឹកលំហាត់ប្រាណឡើយ បើទោះបីជាអាជីពនេះរកបានប្រាក់ចំណូលច្រើនសម្រាប់ចិញ្ចឹមជីវិតរបស់ខ្លួនក្តី ពីព្រោះក្តីស្រមៃធំរបស់ខ្លួនគឺចង់គ្រង់មកុដណាមួយ ។
ធ្លាប់ជាគ្រូបង្វឹកលំហាត់ប្រាណអីចឹងសោះបានជាកញ្ញា ផន ស្រីពី មានរាងស្រស់ស្អាត សិចស៊ី និងមានភាពជឿជាក់ក្នុងការប្រកួត Miss Cosmo Cambodia 2025 ៕



