កញ្ញា ប៊ី សុធារី កែប្រែគ្រប់បែបយ៉ាងដើម្បីឆាក Miss Cosmo Cambodia 2025 ដែលជាឆាកចុងក្រោយក្នុងវិស័យបវរកញ្ញា ! 

ដើម្បីបន្តក្តីស្រមៃធំរបស់ខ្លួន ប៊ី សុធារី សុខចិត្តបន្តឡើងឆាកប្រកួត Miss Cosmo Cambodia 2025 ដណ្តើមមកុដទៅឆាកអន្តរជាថ្មីម្តងទៀត បើទោះបីជាមានរឿងចម្រុងចម្រាស់ជាច្រើនបានកើតឡើងចំពោះខ្លួនក្តី ។ 

បន្ទាប់ពីខកខានមិនបានចូលរួមប្រកួត Miss Grand International 2024 ដោយសារបញ្ហាមួយចំនួន ប៊ី សុធារី នៅតែមានក្តីស្រមៃធំចង់ប្រកួតនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត មុននឹងនាងបញ្ចប់អាជីពបវរកញ្ញា ។

ជួបជាមួយកញ្ញា ប៊ី សុធារី នៅក្នុងពិធីបំពាក់ឈៀង Miss Cosmo Cambodia 2025 កាលពីពេលថ្មីៗនេះនាងបានរៀបរាប់ប្រាប់ថា នាងមិនខ្វល់ពីរឿងអ្វីទាំងអស់ អ្វីដែលសំខាន់សម្រាប់នាងនៅក្នុងពេលនេះ គឺត្រៀមខ្លួនដើម្បីប្រកួតប្រជែងជាងមួយបេក្ខភាពទាំង២៥នាក់ ដើម្បីដណ្តើមមកុដ Miss Cosmo Cambodia 2025 ឈានទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ ។ 

ជាមួយនិងការវិលត្រឡប់មកដណ្តើមមកុដនេះ ប៊ី សុធារី បានផ្លាស់ប្តូរខ្លួនឯងទាំងស្រុង ទាំងស្ទាយនៃការតុបតែងខ្លួន ការស្លៀកពាក់ និងសម្រស់ជាដើម ដោយនាងបានកាត់សក់ខ្លី និងកែកុននូវចំណុចខ្វះខាតមួយចំនួននៅលើផ្ទៃមុខ ដើម្បីទទទួលបានសម្រស់ថ្មីដ៏ផូរផង់ ។ ប៊ី សុធារី បាននិយាយថា មិនថាលទ្ធផលបែបណា នាងត្រូវប្រឹងអស់ពីសមត្ថភាពដើម្បីទទួលបានមកុដ ។ 

ឆាក Miss Cosmo Cambodia 2025 នេះ គឺជាឆាកចុងក្រោយសម្រាប់កញ្ញា ប៊ី សុធារី ក្នុងវិស័យបវរកញ្ញា ដោយនាងបានបញ្ជាក់យ៉ាងច្បាស់សារជាថ្មីថា មិនថាមានរឿងអ្វីកើតឡើងនាងត្រូវតែតស៊ូដើម្បីស្វែងរកក្តីស្រមៃធំរបស់ខ្លួននៅក្នុងឆ្នាំនេះ ឆាក Miss Cosmo Cambodia 2025 នឹងនាំជីវិតថ្មីសម្រាប់នាង ។ 

កញ្ញា ប៊ី សុធារី ហាក់មានការជឿជាក់ខ្លាំងលើសមត្ថភាពរបស់ខ្លួន ដោយមិនខ្លាចបេក្ខភាពខ្លាំងៗមួយចំនួនទៀតទេ ជាពិសេសកក្តាអាយុ គឺមិនបានធ្វើឱ្យនាងព្រួយបារម្ភឡើយ បើទោះបីជានាងមានវ័យច្រើនជាងបេក្ខភាពផ្សេងៗក្តី ផ្ទុយទៅវិញនាងបែរជានិយាយទាំងភាពជឿជាក់ថា នាងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដណ្តើមមកុដ ៕