មហោស្រពភាពយន្តអន្តរជាតិ កម្ពុជា លើកទី១៤ ត្រឡប់មកវិញហេីយ ! 

ឆ្នាំនេះមានអ្វីប្លែកៗនិងអស្ចារ្យជាច្រើនដែលនឹងរំលេចឡើងក្នុងព្រឹត្តការណ៍មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី ១៤ នៅសប្តាហ៍ក្រោយ ដោយបាននាំយកភាពយន្តល្បីៗចំនួន១៥១រឿងមក ដាក់បញ្ចាំងជូនទស្សនិកជនទស្សនាកម្សាន្តដោយឥតគិតថ្លៃ ។  

នៅក្នុងសន្នីសីទសារព័ត៌មាននៃមហោស្រពភាពយន្តអន្តរជាតិ កម្ពុជា លើកទី ១៤ នៅព្រឹកថ្ងៃទី ១២ ខែ មីនា នេះ ក៏មានការចូលរួមពីលោក លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិ កម្ពុជាអ្នកនាង ថន ថាណែត ដែលជាតារាសម្តែងល្បីឈ្មោះមួយរូប និងថ្នាក់ដឹកនាំផ្សេងៗជាច្រើនរូបទៀត ។  លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិ កម្ពុជា បានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ នេះ នឹងនាំមកជូននូវទស្សនីយភាពដ៏អស្ចារ្យខុសប្លែកពីឆ្នាំមុនៗមកបង្ហាញមហាជន ។ ទាំងភាពយន្តខ្នាតធំ ខ្លាតខ្លី ខ្នាតវែង ភាពយន្តឯកសារ និងភាពយន្តគំនូរជីវចល ដែលមកពីតំបន់ជាច្រើនជុំវិញពិភពលោក ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ទស្សនិកជនគ្រប់ៗគ្នាទស្សនាដោយឥតគិតថ្លៃ ។

អ្នកនាង ថន ថាណែត ដែលជាតារាសម្តែងល្បីឈ្មោះមួយរូប និងធ្លាប់ទទួលបានពានរង្វាន់ជាច្រើនកន្លងមកនោះក៏នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍មហោស្រពអន្តរជាតិកម្ពុជាលើ់កទី ១៤ នេះផងដែរ ។ អ្នកនាង ថន ថាណែត បានឱ្យដឹងថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ នេះមានអ្វីពិសេសៗជាងឆ្នាំមុនៗ ក្នុងនោះអ្នកនាងក៏មានស្នាដៃធំៗចំនួន២ដែលនឹងបង្ហាញក្នុងមហោស្រពនោះផងដែរ ។ 

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ នឹងបើកសម្ពោធនៅថ្ងៃទី ២១ ខែ មីនា នៅមហោស្រពចតុម្មុខ ក្នុងនោះក៏មានរៀបចំកម្មវិធីកម្រាលព្រំក្រហម អញ្ជើញភ្ញៀវជាតិ និងអន្តរ ចូលរួមអបអរសាទរផងដែរ ។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ អាចដំណើរការទៅបានដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីស្តារសុវត្ថិភាព និងទីកន្លែងសិល្បៈឡើងវិញ ។ 

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី ១៤ នឹងចាក់បញ្ចាំងខ្សែភាពយន្តមកពី ៤១ ប្រទេស ដែលមានភាពយន្តចំនួន ១៥១រឿង ដែលក្នុងនោះមានភាពយន្តខ្មែរចំនួន ៦០ រឿង ទាំងភាពយន្តខ្នាតខ្លី និងខ្នាតែវែង ភាពយន្តឯកសារ និងគំនូរជីវចល ។ ភាពយន្តទាំងនោះចាប់ផ្តើមបញ្ចាំងពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៩ ខែមិនា ដោយឥតគិតថ្លៃនៅគ្រប់រោងភាពយន្តធំៗ និងទីតាំងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ ដូចជារោងភាពយន្ត Legend Olympia និង Exchange Square រោងភាពយន្ត Major Cineplex Aeon 1 និង Mean Chey វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគារ Rosewood ភ្នំពេញ និងរោងភាពយន្ត Fableជាដើម ៕