ខណៈពេលដែលលោកស្រី អ៊ឹម សុគន្ធា ប្រកាសត្រៀមចំណាត់ការក្តៅទៅលើកញ្ញា ប៊ី សុធារី ដែលបានដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025 ដោយពុំប្រាប់ខ្លួនឱ្យបានដឹងនោះ ស្រាប់តែកញ្ញា ប៊ី សុធារី ធ្វើធម្មតា ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងសោះ ។

កញ្ញា ប៊ី សុធារី បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនឱ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងកាលពីម្សិលមិញថា « ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នា ! ដូចដែលអ្នកទាំងអស់គ្នាបានឃើញនូវរូបភាព និង វិដេអូបែកធ្លាយពីការត្រឡប់មកឆាកប្រកួតម្តងទៀតក្នុងមួយរយៈនេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាបានដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025 ប្រាកដមែន ។ ពេលនេះខ្ញុំសូមក្តីស្រឡាញ់ ជំនឿចិត្ត ឱកាសពីបងប្អូនខ្មែរគ្រប់រូប ជឿជាក់លើខ្ញុំម្តងទៀត ដើម្បីឱ្យខ្ញុំបន្តដំណើរទៅមុខ ដោយយកសមត្ថភាពរបស់ខ្ញុំទៅប្រកួតដើម្បីដណ្តើមយកមកុដ Miss Cosmo Cambodia 2025 ក្នុងការតំណាង កម្ពុជា ទាំងមូលទៅលើឆាក Miss Cosmo International 2025 » ។
ក្រឡេកមកមើលលោកស្រី អ៊ឹម សុគន្ធា ដែលជាអតីតអ្នកគ្រប់គ្រង់ Miss Grand Cambodia វិញ ហាក់បីដូចជាក្តៅក្នុងចិត្តពន់ពេក រហូតបានប្រកាសក្តែងៗ និងដាក់ចំៗថា «ថ្លើមធំណាស់ហ៊ានចូលប្រកួតរំលេងខ្ញុំផង … មិនដឹងថាដាក់ឈ្មោះអីឱ្យចំទេ អាត្មានិយមណាស់ បើអ្នករំលងខ្ញុំបែបនេះ មិនគិតដល់ខ្ញុំ ចឹងខ្ញុំក៏មិនទុកដែរ រង់ចាំមើលថាខ្ញុំនឹងធ្វើបែបណាក្មេងឈ្លើយ »។
ខណៈពេលដែលលោកស្រី អ៊ឹម សុគន្ធា ហៅកញ្ញា ប៊ី សុធារី ថាជាក្មេងឈ្លើយ មានសិល្បករជាច្រើនសម្តែងនូវការមិនសប្បាយចិត្ត សូម្បីតែអ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលផងដែរ ។ ក្រោយពីមានរឿងនេះធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងក្នុងវិស័យបវរកញ្ញា មហាជនជាច្រើនកំពុងរង់ចាំមើលថា តើកញ្ញា ប៊ី សុធារី អាចចូលរួមប្រកួត Miss Cosmo Cambodia តាមបំណងប្រាថ្នាខ្លួនបានឬយ៉ាងណា ? ៕




