ក្រោយទន្ទឹងរង់ចាំអស់ពេលរាប់ឆ្នាំទីបំផុតក្តីស្រមៃចង់បានកូនជាចំណងដៃក្នុងគ្រួសារបានក្លាយជាការពិត តារាចម្រៀង សុវត្ថិឌី ធារីកា រំភើបចិត្តដល់ស្រក់ទឹកភ្នែកពេលដឹងថាខ្លួមានផ្ទៃពោះកូនដំបូង ។ តែទោះជាយ៉ាងណាពេលនេះ សុវត្ថិឌី ធារីកា នៅតែបន្តអាជីពចម្រៀងដូចមុនដដែល ។

តារាចម្រៀង សុវត្ថិឌី ធារីកា បានរៀបការជាងមួយឆ្នាំហើយ នាងតែមានក្តីស្រមៃចង់បានកូនឆាប់ៗ ប៉ុន្តែខំប្រឹងយ៉ាងណានៅតែបរាជ័យ ដោយឡែកនៅក្នុងឱកាសបុណ្យសិទ្ធនារី ៨ មីនា កន្លងមកនេះ នាងស្រាប់តែបានបង្ហាញនូវដំណឹងល្អទៅកាន់គ្រួសារ ព្រមទាំងអ្នកគាំទ្ររបស់ខ្លួនឱ្យបានដឹង ។
ជាមួយអារម្មណ៍រំភើប លាយឡំទឹកភ្នែក សុវត្ថិឌី ធារីកា បានរៀបរាប់ថា ពេលនេះក្តីស្រមៃខ្លួនក្លាយជាការពិតហើយ នាងទទួលបានចំណងដៃដូចក្តីប្រាថ្នា មិនថាកូនក្នុងផ្ទៃរបស់ខ្លួនជាកូនប្រុសឬកូនស្រី នាងស្រឡាញ់ពេញចិត្ត និងរីករាយស្វាគមន៍សមាជិកថ្មី ។
មិនត្រឹមតែ សុវត្ថិឌី ធារីកា ប៉ុណ្ណោះទេដែលរំភើបចិត្ត សូម្បីតែស្វាមីនាងសប្បាយចិត្តលើសនាងទ្វេដងរហូតមិនព្រមឱ្យនាងចេញប្រកបការងារច្រៀងដូចមុនទេ ដោយស្វាមីនាងចង់ឱ្យនាងសម្រាកថែករក្សាសុខភាព ចំពោះរឿងជីវភាពគឺស្វាមីនាងធានារាប់រងទាំងអស់ ។
ថ្វីដ្បិតតែទទួលបានការកក់ក្តៅខ្លាំងពីស្វាមីរបស់ខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះនេះក្តី តែតារាចម្រៀង សុវត្ថិឌី ធារីកា នៅតែនិយាយថា នាងនឹងបន្តការងារសិល្បៈ និងចេញច្រៀងដូចដើម គ្រាន់តែពេលនេះនាងមិនទទួលការងារច្រើនដូចមុន ដើម្បីទុកពេលវេលាខ្លះដើម្បីថែទាំងសុខភាព កុំឱ្យស្វាមីព្រួយបារម្ភពេក ។ ម្យ៉ាងវិញទៀតពោះរបស់នាងពេលនេះក៏ពុំទាន់ខ្ទាតធំដែរ អាចធ្វើការងារស្រាលៗបាន ៕




