ដើម្បីជាការលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់សិល្បករកម្ពុជា២២រូប នៅមុនពេលសម្តែងជាផ្លូវការនៅលើទឹកដីប្រទេសបារាំង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំពិធីជួបជុំអាហារសាមគ្គី កាលពីរាត្រីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។
ពិធីជួបជុំអាហារសាមគ្គីនេះ ក្រៅពីសិល្បករកម្ពុជា ទាំង២២រូប គេឃើញមានព្រះរាជវត្តមានរបស់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី រួមជាមួយនឹង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។

គួរបញ្ជាក់ថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមព្រះរាជវត្តមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ក្នុងដំណើរបេសកកម្មទៅកាន់ប្រទេសបារាំងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដើម្បីដឹកនាំប្រតិភូ និងសិល្បករកម្ពុជាចំនួន២២រូប ទៅសម្តែងនៅប្រទេសបារាំង ក្នុងកម្មវិធី «Le Ballet royal du Cambodge» នៅទីក្រុងប៉ារីស ខេត្ត Bordeaux និងខេត្ត Metz បន្ទាប់ពីរបាំព្រះរាជទ្រព្យកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមួយនេះ ត្រូវអាក់ខានយកទៅសម្តែងជាច្រើនឆ្នាំនៅប្រទេសបារាំង ក្រោយការយាងចូលទិវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា៖«ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងនាំយកសិល្បៈកម្ពុជា ទៅសម្តែងបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ពិសេសដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមអន្តរជាតិ និងកម្ពុជា ក្នុងន័យទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជា តាមរយៈស្ពានសិល្បៈវប្បធម៌»។
ជាមួយគ្នានោះ លោកជំទាវបញ្ជាក់បន្ថែមថា៖«ដើម្បីជាការលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់សិល្បករកម្ពុជាយើងមុនការសម្តែងជាផ្លូវការនៅថ្ងៃទី៨ ខែមីនា នៅលើទឹកដីប្រទេសបារាំងនោះ, ក្រៅពីការជួយឧបត្ថម្ភមួយចំនួន នាងខ្ញុំក៏នឹងរៀបចំពិធីជួបជុំអាហារសាមគ្គីមួយនៅយប់ថ្ងៃទី៧ ខែមីនា ជូនដល់ក្រុមការងារ និងសិល្បករទាំងអស់ផងដែរ»៕



