មិនឱ្យចាញ់ឆ្នាំមុនតារាចម្រៀងវ័យក្មេង អេមមី ត្រៀមចេញMV ចម្រៀង «រាំឱ្យលះII» សម្រាប់រដូវកាលទី២ ! 

តារាចម្រៀង អេមមី ដែលត្រូវបានមហាជនស្គាល់ថាជាកូនស្រីសំណព្វចិត្តរបស់កំពូលតារាចម្រៀងលោក ខាន់ ជេមស៌ ត្រៀមនឹងចេញ MV ចម្រៀងថ្មីដែលមានចំណងជើងថា «រាំឱ្យលះII» សម្រាប់នៅក្នុងឆ្នាំនេះ បន្ទាប់ពីបទចម្រៀងនេះបានផ្ទុះខ្លាំងកាលពីឆ្នាំមុន ។

ដូចមហាជនបានដឹងស្រាប់ហើយថា បទចម្រៀង «រាំឱ្យលះ» របស់កញ្ញា អេមមី ពិតជាផ្ទុះខ្លាំងកាលពីមុននៅក្នុងអំឡុងបុណ្យឆ្នាំថ្មីប្រពៃណី ខ្មែរ ដោយបទចម្រៀងនេះមានការពេញនិយមច្រៀង និងចាក់រាំហុយដីនៅតាមកម្មវិធីនានា និងមានអ្នកយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម Tiktok ច្រើនបំផុត ។ ដោយមើលឃើញពីសន្ទុះនៃការគាំទ្រខ្លាំងពីមហាជនក្នុងបទចម្រៀងនេះ ផលិតកម្ម Galaxy Navatra បានសម្រេចផលិតជា MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា «រាំឱ្យលះII» សម្រាប់ក្នុងឆ្នាំ២០២៥ ។

តាមរយៈវិដេអូខ្លីៗដែលកញ្ញា អេមមី ទើបនឹងថតផុសបទចម្រៀង «រាំឱ្យលះII» កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងនូវការពេញចិត្ត និងចង់ឃើញបទចម្រៀងនេះក្នុងពេលឆាប់ៗ ជាក់ស្តែង មានអ្នកគាំទ្រជាច្រើនបានយកបទចម្រៀងនេះទៅលេងច្រើនក្នុងបណ្តាញសង្គម Tiktok ។ 

បទ«រាំឱ្យលះ»ទាំងពីរVersionគឺជាស្នាដៃអ្នកនិពន្ធទំនុកច្រៀងឆ្នើម កញ្ញា យ៉ង់ ចន្ទនីតា និងអ្នកនិពន្ធបទភ្លេងសម្បូរបទពិសោធន៍ជោគជាំជាមួយតន្រ្តី លោក ឃ្លាំង កុម្ភៈ ព្រមទាំងមានការRemixបន្ថែមឱ្យប្លែកអារម្មណ៍របស់លោក DeeJayz BL ធ្វើឱ្យចម្រៀងខាងលើកាន់តែទាក់ទាញចំណាប់អារម្មណ៍ពីយុវវ័យ។ 

បទចម្រៀង «រាំឱ្យលះII» រដូវកាលទី២ គឺបានថតចប់រួចរាល់ហើយ ត្រៀមនឹងចេញផ្សាយក្នុងឆាប់ៗខាងមុខនេះ ដើម្បីត្រៀមអបអរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ មិនដឹងថា «រាំឱ្យលះII» របស់កញ្ញា អេមមី ថ្មី ប្លែក អស្ចារ្យកម្រិតណាទេ ដូច្នេះមានតែរង់ចាំដានទស្សនាទាំងអស់គ្នាក្នុងពេលឆាប់ៗនេះនៅក្នុងផលិតកម្មចម្រៀង Galaxy Navatra ៕