គ្មានដំណឹងរៀបការ នី មុន្នីនាថ កាន់តែចាស់ទុំ ! 

គ្មានដំណឹងរៀបការ តារាសម្តែង នី មុន្នីនាថ កាន់តែចាស់ទុំជាងមុនច្រើន ខណៈពេលដែលស្ងាត់ឈឹងពីវិស័យសិល្បៈ ។ 

ច្រើនឆ្នាំហើយដែលតារាសម្តែង នី មុន្នីនាថ បាត់មុខពីសិល្បៈ និងពុំមានស្នាដៃថ្មីសម្រាប់អ្នកគាំទ្រខ្លួន រហូតធ្វើឱ្យគ្រប់គ្នាគិតថា នាងបោះបង់អាជីពនេះចោលនិងសំងំរកស៊ីជំនួសវិញ ។

បច្ចុប្បន្ន​ នី មុន្នីនាថ កំពុងមមាញឹកនៅក្នុងការងាររកស៊ីបើកហាងក្រចករបស់ខ្លួន រួមជាមួយការងារសប្បុរសធម៌ក្នុងការបរិចាគឈាម មើលទៅនាងសប្បាយចិត្តច្រើនជាមួយការងារទាំងនោះ ហើយឈប់រវល់ជាមួយការងារសិល្បៈ ។ ជួបជាមួយ កញ្ញា នី មុន្នីនាថ កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ប្រាប់ថា ការងារសិល្បៈនាងនៅតែស្រឡាញ់ គ្រាន់តែចុងក្រោយនេះនាងបានផ្អាក និងមិនទទួលថតរឿងអ្វីទាំងអស់ ដោយចង់ទុកពេលវេលាធ្វើការងារផ្ទាល់ខ្លួនច្រើនជាង ។ 

ឆ្នាំនេះកញ្ញា នី មុន្នីនាថ មានវ័យកាន់តែច្រើនតែនិយាយពីរឿងរៀបការ នាងនៅតែពុំទាន់ដឹកដៃគូស្នេហ៍ខ្លួនចូលរោងការតាមប្រពៃណីទៀត ខណៈពេលដែលមិត្តភក្តិជាច្រើនបានរៀបការជាបន្តបន្ទាប់ សូម្បីតែប្អូនៗរបស់នាងក៏បានរៀបការមានកូនចៅអស់ដែរ ។ 

កន្លងមកកញ្ញា នី មុន្នីនាថ ក៏ធ្លាប់បាននិយាយថា នាងចង់រៀបការឆាប់ៗដែរ គ្រាន់តែដៃគូរបស់នាងនៅពុំទាន់បង្ហាញភាពជាក់លាក់និងពិតប្រាកដសម្រាប់នាង ។ ដោយឡែកសម្រាប់ឆ្នាំ២០២៥នេះ នី មុន្នីនាថ នៅតែអះអាងថា គ្មានគម្រោងរៀបការ ព្រោះមិនទាន់ច្បាស់លាស់ ហើយនាងក៏មិនមានអារម្មណ៍ភ័យខ្លាចឬខ្មាស់អៀនក្នុងការនៅលីវ បើទោះបីជាខ្លួនមានវ័យកាន់តែច្រើនក្តី ។