មានគម្រោងនាំកូនទាំង៣នាក់ទៅ អាមេរិក ជួបតាយាយ តែ សារ៉ាយ សក្ខណា មិនទាន់ដាច់ចិត្តធ្វើរឿងនេះ ! 

តារាសម្តែង សារ៉ាយ សក្ខណា មានគម្រោងនឹងនាំស្វាមីព្រមទាំងកូនៗទាំង៣នាក់របស់ខ្លួនត្រឡប់ទៅអាមេរិក នៅអំឡុងខែ មិថុនា ឆ្នាំ២០២៥ នេះ បន្ទាប់ពីខកខានក្នុងការចេញទៅទីនោះអស់ពេលជាច្រើនឆ្នាំ ។ ទោះជាយ៉ាងណា សារ៉ាយ សក្ខណា មិនដាច់ចិត្តក្នុងការធ្វើរឿងមួយនេះ ។ 

តារាសម្តែង សារ៉ាយ សក្ខណា កំពុងមមាញឹកខ្លាំងនៅក្នុងអាជីពសិល្បៈ ទាំងការងារសម្តែង និង បង្ហាញម៉ូដ ហើយចុងក្រោយនេះនាងក៏បានវិឌ្ឍន៍ខ្លួនក្លាយទៅជាពិធីការិនីនៅក្នុងកម្មវិធីជាច្រើន ។ តារាសម្តែងសប្បុរសស្រអែមរូបនេះបានឱ្យដឹងថា ពេលនេះនាងប្រលូកក្នុងវិស័យសិល្បៈវិញហើយ បើទោះបីជានាងនៅសរសៃខ្ចី តែសុខភាពនាងរឹងមាំដែលអាចទទួលការងារផ្សេងៗបាន ។

តារាសម្តែង សារ៉ាយ សក្ខណា បានត្រឡប់មករស់នៅស្រុក ខ្មែរ អស់ជាច្រើនឆ្នាំហើយ ហើយនាងក៏បានឱ្យកូនៗរបស់ខ្លួនចូលសិក្សាភាសា ខ្មែរ និងភាសាអង់គ្លេសនៅទីនេះ ។ អ្វីដែលចម្ងល់របស់មហាជននោះ គឺម្នាក់ៗឆ្ងល់ថា តើហេតុអ្វី សារ៉ាយ សក្ខណា និងស្វាមី មិនព្រមត្រឡប់ទៅរស់នៅ អាមេរិក វិញ ? ទាំងដែលនាងមានជីវភាពល្អប្រសើរហើយ ។

ចំពោះរឿងនេះ សារ៉ាយ សក្ខណា បានបញ្ជាក់ នាងមានអាជីវកម្មជាច្រើននៅស្រុក ខ្មែរ នាងនិងស្វាមីព្រមទាំងកូនៗនៅពុំទាន់មានគម្រោងនឹងទៅរស់នៅ អាមេរិក វិញទេ ។ ចំណែកកូនទី៣ របស់នាងទើបនិងបានជាង២ខែនេះក៏ទទួលបានសញ្ជាតិ អាមេរិក ហើយ អាចចេញចូលទីនោះបានសេរី ។ នាងនឹងត្រឡប់ទៅវិញនៅពេលដែលកូនៗរបស់នាងធំជាងនេះ ។  

បើតាមគម្រោង សារ៉ាយ សក្ខណា នឹងនាំគ្រួសារទៅលេងយាយតានៅ អាមេរិក នៅក្នុងអំឡុងខែ មិថុនា ខាងមុខ ។ នាងថា តាយាយនឹករលឹកចៅៗខ្លាំងណាស់ ជាពិសេសកូនទី៣របស់នាង ពួកគាត់ពុំធ្លាប់ឃើញមុខរបស់ចៅនៅឡើយទេ ។ ទោះបីជាតាយាយបង្ខំឱ្យនាងនិងស្វាមីព្រមទាំងកូនៗចេញទៅរស់នៅ អាមេរិក វិញ តែនាងមិនព្រមឡើយ នាងត្រូវរកលុយដើម្បីចិញ្ចឹមគ្រួសារ ណាមួយនាងមិនដាច់ចិត្តចោលអាជីវកម្ម និងការងាររបស់ខ្លួន ៕