កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត យកអេដមីន«ជីងចក់» ថត MV ចម្រៀងកន្រ្តឹម​លើកដំបូងក្រោយខកខានអស់ជាច្រើនឆ្នាំ 

ច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខកខានក្នុងការចេញបទចម្រៀងកន្រ្តឹមឆ្នាំថ្មី ដោយឡែកស​ម្រាប់​ឆ្នាំថ្មីនេះលោក ខេមរៈ សិរីមន្ត បានត្រៀមចំណងដៃថ្មី ប្លែក និងអស្ចារ្យ សម្រាប់បងប្អូនរាំលេងកម្សាន្តតាមខេត្តក្រុងនានា ជាពិសេសនោះក្នុង MV ចម្រៀង កន្រ្តឹមនេះ គឺលោកបានដឹកដៃអេដមីន ជីងចក់ មកចូលរួមថតជាមួយផងដែរ ។ 

តាមរយៈរូបភាព និង វិដេអូខ្លីៗ ដែលទស្សនិកជនបានឃើញនេះ គឺជាសកម្មភាពដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងថតបទចម្រៀងកន្រ្តឹមឆ្នាំថ្មី សម្រាប់ត្រៀមអបអរឆ្នាំថ្មីនេះនៅក្នុងផលិតកម្ម Galaxy Navatra ដោយលោក ខេមរៈ សិរីមន្ត និងអេដមីន ជីងចក់ បានតុបតែងខ្លួនបែបស្រុកស្រែ រំលេចជាមួយឈុតសម្លៀកបំពាក់ពណ៌ចម្រុះ អាវសង់ត្រេនិងខោជើងប៉ាត់ជាដើម…។ អ្នកគាំទ្រជាច្រើននៅពេលដែលឃើញរូបភាពទាំងនោះ ម្នាក់ៗចង់ឃើញ Full MV ឆាប់ៗ ។ 

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា លោកខកខាននៅក្នុងការចេញបទចម្រៀងកន្រ្តឹមបែបនេះយូរឆ្នាំមកហើយ នេះជាចំណងដៃថ្មីសម្រាប់ទស្សនិកជន បន្ទាប់ពីមានការសំណូមពរជាច្រើនពីអ្នកគាំទ្រ ឱ្យលោកផលិតបទចម្រៀងកន្រ្តឹមឡើងវិញ ។ ជាមួយនិងការថតបទចម្រៀងកន្រ្តឹមឆ្នាំថ្មីនេះផងដែរ លោកបានក៏អញ្ជើអេដមីន ជីងចក់ មកចូលរួមសម្តែងដើម្បីញុំាងបរិយាកាសឱ្យកាន់តែសប្បាយរីករាយ និងជាចំណីចក្ខុថ្មីសម្រាប់អ្នកគាំទ្រ ។ 

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបន្ថែមទៀតថា បើប្រៀបធៀបនិងការថតបទចម្រៀងកន្រ្តឹមពីមុន និងពេលឥឡូវនេះពិតជាខុសគ្នាឆ្ងាយណាស់ សម័យថ្មីនេះកាន់តែល្អប្លែក និងគួរឱ្យចាប់អារម្មណ៍ជាងមុន ទាំងសម្ភារៈ សម្លេង និងបច្ចេកទេសថតជាដើម…។ លោករំពឹងថាបទចម្រៀងកន្រ្តឹមនេះនឹងទទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ។ 

ដោយឡែកអេដមីន ជីងចក់ វិញ ក៏បានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួនថា លោកពិតជាត្រេអរណាស់ដែលមានឱកាសបានចូលរួមសម្តែងចម្រៀងជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ។ តាមរយៈបទចម្រៀងកន្រ្តឹមនេះ ដឹងតែញាក់សាច់ហើយឆ្នាំថ្មីនេះ ៕