ធ្លាប់មានប្រពន្ធ៣នាក់ តាចេក រំលឹកពីជីវិតផុងខ្លួនជាមួយលុយជាងពីរម៉ឺនដុល្លារ​និងគ្មានជំរករស់នៅពិតប្រាកដ ! 

ស្របពេលបង្ហាញមុខនៅក្នុងពិធិសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ តារាកំប្លែង តាចេក បានរំលឹកពីជីវិតដ៏ជូរចត់របស់ខ្លួន ធ្លាប់មានប្រពន្ធ ៣ នាក់ និង បានផុងខ្លួនជាមួយលុយជាងពីរម៉ឺនដុល្លារក្នុងការរកស៊ីមុខរបរលក់ធុរ៉េន ។ បច្ចុប្បន្នរកតែជំរកពិតប្រាកដរស់នៅគ្មាន ។ 

តាចេក គឺជាតារាសម្តែងនិងតារាកំប្លែងល្បីឈ្មោះមួយរូបដែលមានឈ្មោះបោះសម្លេងជាមួយតារាកំប្លែងនាយ កុយ ដោយលោកបានចេញដើរសម្តែង និងកំប្លែងជាមួយក្រុមនាយ កុយ តាមស្ថានីយ៍ទូរទស្សន៍ និងតាមខេត្តជិតឆ្ងាយនានា … ដោយឡែក រយៈពេល១០ឆ្នាំចុងក្រោយនេះលោកបានបាត់មុខឈឹងពីសិល្បៈ ដោយលោកបានទៅពួកសំងំដើររកស៊ីជំនួសវិញ ។

ជួបជាមួយតារាកំប្លែង តាចេក នៅក្នុងពិធីសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករកាលពីពេលថ្មីៗនេះលោកបានបញ្ជាក់ប្រាប់ថា ជីវិត ១០ ឆ្នាំនេះលោកជួបនូវការលំបាក់ជាច្រើន បន្ទាប់ពីលោកផ្អាកពីសិល្បៈ លោកបានយកលុយជាង២ម៉ឺនដុល្លារទៅរកស៊ីលើមុខរបររកស៊ីលក់ធុរ៉េន នៅតំបន់ គីរីរម្យ សំណាងអាក្រក់លោកត្រូវផុងនិងខាតចុងខាតដើមនៅក្នុងការរកស៊ីនេះ រហូតធ្វើឱ្យជីវិតលោកធ្លាក់ដុនដាប និងបានត្រឡប់មកទីក្រុងភ្នំពេញវិញ ដើម្បីលក់បន្លែ ។ ជីវិតអ្នកលក់បន្លែរកបានត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ សំណាងហើយពេលនេះលោកមិនមានកូននៅក្នុងបន្ទុក មានតែពីរនាក់តាយាយ ។ 

លោកឈុំ ប៊ុនឈឿ ន ហៅ តាចេក បានបន្តដោយទឹកមុខក្រៀមក្រំថា លោកក៏ចង់ត្រឡប់មកកាន់វិស័យសិល្បៈវិញដែរ តែពុំមានអ្នកហៅថត ដូច្នេះមានតែប្រឹងលក់បន្លែប៉ុណ្ណោះ ។ 

ជាមួយនិងការរៀបរាប់ពីការតស៊ូរបស់ខ្លួន តាចេក ក៏បាននិយាយថា លោកធ្លាប់មានភរិយា ៣ នាក់ ភរិយាទី១លោកបានបបួលគ្នាមករស់នៅទីក្រុងភ្នំពេញដែរ តែម្តាយរបស់គាត់មិនព្រម ក៏ចែកផ្លូវគ្នា ចំណែកភរិយាទី២ គឺបានស្លាប់ចោលលោក ។ ចំណែកភរិយាទី៣ នៅកំពុងរកនៅ និងតស៊ូជាមួយគ្នារហូតមកដល់សព្វថ្ងៃនេះ ។ 

តាចេក បានអំពាវនាវឱ្យផលិតករ និងអ្នកដឹកនាំជាច្រើន សូមមេត្តាផ្តល់ឱកាសដល់រូបលោកបានចូលរួមសម្តែងក្នុងវិស័យសិល្បៈវិញផង ពីព្រោះលោកនៅតែស្រឡាញ់ និងចង់បន្តអាជីពនេះតទៅមុខទៀត រហូតដល់ថ្ងៃលោកស្លាប់ ៕