សិល្បករ សិល្បការនីជើងចាស់ជាច្រើនរូប បង្ហាញវត្តមាន​ក្នុងកម្មវិធីសម្ពោធ​ស្នាក់ការថ្មីរបស់សមាគមសិ​ល្បករ​ខ្មែរ

សិល្បករ សិល្បការនីជើងចាស់ ជាច្រើនរូប បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសម្ពោធស្នាក់ការថ្មី របស់សមាគមសិល្បករខ្មែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សមាគមសិល្បករខ្មែរ ដែលមានអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសមាគមបានកំពុងដើរតួនាទីយ៉ាងសកម្មចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជាពិសេសគឺការគាំពារដល់សិល្បករចាស់ជរា ពិការ បាត់បង់សមត្ថភាព ជាដើម ។

គួរបញ្ជាក់ថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៩ ឆ្នាំហើយ ។ រយៈពេល១៩ឆ្នាំមកនេះ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល ៕