តារាសម្តែង ឡៃ ច័ន្ទថៃ ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការសមាគមអតីតអ្នកបួសខ្មែរ 

ស្ងាត់ៗស្រាប់តែតារាសម្តែងសាច់ដុំ ឡៃ ច័ន្ទថៃ ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការសមាគមអតីតអ្នកបួសខ្មែរ បន្ទាប់ពីមានការបោះឆ្នោតពីក្រុមប្រឹក្សា និងបានបំពេញនូវលក្ខខណ្ឌមួយចំនួន ។ 

តារាសម្តែងរូបសង្ហា ​ ច័ន្ទថៃ គឺជាអ្នកអតីតអ្នកបួសខ្មែរមួយរូប ដែលធ្លាប់បានបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា អស់រយ:ពេល ១៥វស្សា និងបានចូលប្រឡូក្នុងវិស័យសីល្ប: ជាតារាសំដែងច្រើនទម្រង់ ជាពិសេស តាមរយ: កម្មវិធីបង្កើតដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយទំនៀមទម្លាប់ដ៏សម្បូរបែបរបស់ កម្ពុជា លោកតែងតែបង្ហាញទីតាំងប្រវត្តិសាស្ត្រ ពិធីប្រពៃណី និងភាពស្រស់ស្អាតនៃទំនៀមទម្លាប់ខ្មែរ ជាដើម។ ស្នាដៃរបស់លោកមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអប់រំទស្សនិកជន ជាពិសេសក្មេងៗជំនាន់ក្រោយអំពីសារៈសំខាន់នៃការថែរក្សាអត្តសញ្ញាណវប្បធម៌នៅក្នុងពិភពទំនើប ។ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ច័ន្ទថៃ ក៏ជាវាគ្មិនមួយរូបក្នុងព្រឹត្តិការណ៍នានា ដែលលោកតែងចែករំលែកបទពិសោធន៍ និងទស្សនៈលើការអភិវឌ្ឍន៍ខ្លួន មោទនភាពវប្បធម៌ និងថាមពលនៃការនិទានរឿងបែបឌីជីថល។ តាមរយៈខ្លឹមសារ និងការចូលរួមជាសាធារណៈ លោក ច័ន្ទថៃ បន្តជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជន និងសហគមន៍មូលដ្ឋានផងដែរ ។

កំឡុងពេលបួសជាព្រះសង្ឃ ភិក្ខុ ច័ន្ទថៃ មានឥទ្ធិពលខ្លាំងក្នុងស្រទាប់ពុទ្ធសាសនិក ជាពិសេស យុវ័យ និងមនុស្សជំនាន់ថ្មី តាមរយ:វិធីសាស្រ្តរបស់គាត់ដែលបង្ហាញរបៀបតស៊ូមតិ ការបណ្តុះគុណតម្លៃនៃមេត្តាករុណា សតិសម្បជញ្ញៈ និងកិច្ចការសហគមន៍ជាដើម។ លោក ច័ន្ទថៃ បានសិក្សាចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ ដែលធ្វើឱ្យគាត់មានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការដោះស្រាយបញ្ហាសង្គម និងវប្បធម៌ផ្សេងៗ ។

ដោយសារមើលឃើញពីស្នាដៃរបស់តារាសម្តែងរូបសង្ហា ឡៃ ច័ន្ទថៃ ដែលបានស្ម័គ្រចិត្ត លះបង់កំលាំងកាយ ចិត្ត និងបញ្ញា ព្រមទាំងពេលវេលា ចូលរួមជួយសមាគមអតីតអ្នកបួសខ្មែរ ហើយត្រូវបានក្រុមប្រឹក្សាភិបាលបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជា អគ្គលេខាធិការសមាគមអតីតអ្នកបួសខ្មែរ ផងដែរ ៕