នាដការី សាលី ស្រីមាស ល្បីរឿងខូចក្រលៀននិងលាងឈាម រៀបរាប់ទាំងអួលដើមក ពេលមានជីវិតទី២ ! 

នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ដែលល្បីរឿងខូចក្រលៀននិងត្រូវលាងឈាមបន្តជីវិតនោះ បានរៀបរាប់ទាំងអួលដើមក បន្ទាប់ពីមានអ្នកជួយរ៉ាប់រងក្នុងការព្យាបាល រហូតនាងបានពោលពាក្យទាំងទឹកភ្នែកថា ពេលនេះមានសំណាងមានជីវិតទី២ហើយ ។ 

នាដការីរបាំព្រះរាជទ្រព្យ  សាលី ស្រីមាស ស្ទើរតែមិនជឿថាខ្លួនអាចមានជីវិតរស់ នឹងបានឆ្លងផុតការលំបាក់ក្នុងការលាងឈាមនោះទេ ពីព្រោះស្ថានភាពសុខភាពនាងពេលនោះធ្ងន់ធ្ងរ រួមផ្សំកក្តាជីវភាពផង ប៉ុន្តែសំណាងល្អពេលនេះនាងទទួលបានការរ៉ាប់រងនិងព្យាបាលទាំងស្រុងពីអ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង ។ 

ដោយក្តីរំភើបលាយឡំនិងទឹកភ្នែក នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ពោលពាក្យទាំង អួលដើមកថា ពេលនេះនាងមានជីវិតទី២ហើយ អរគុណដែលបានជួយសង្រ្គោះជីវិតរបស់នាង ។ 

នាដការី សាលី ស្រីមាស បានបន្ថែមថា « ថ្ងៃនេះនាងខ្ញុំ ពិតជារំភើបត្រេកអរណាស់ ក្រោយពី​បានលឺដំណឹងដ៏ល្អបំផុតមួយ ថានាងខ្ញុំ ទទួលបាន​ជំនួយពីក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនដែលមានការរីកចម្រើនលើគ្រប់វិស័យ បានរ៉ាប់រងផ្ដល់ថវិកាជួយព្យាបាល​នាងខ្ញុំ ដែលផ្តល់ក្តី ​​សង្ឃឹមជាថ្មី ផ្តល់កម្លាំងចិត្ត បន្ដការសម្រាកព្យាបាល​ និងបំពេញក្ដីស្រមៃ ថែរក្សាការផ្សព្វផ្សាយ ជួយលើកស្ទួយសិល្បៈបុរាណខ្មែរឱ្យគង់វង្ស ។ យ៉ាងណាមិញ សូមអរគុណដល់លោកជំទាវ ម៉ៅ ចំណាន ដែលបានជួយជ្រោមជ្រែង ក្នុងការស្វែងរកជំនួយ ដល់នាងខ្ញុំ » ។ 

ពេលនេះសុខភាពរបស់នាដការី សាលី ស្រីមាស បានល្អប្រសើរជាងមុនច្រើន នាងត្រូវតាមដានសុខភាព និងព្យាបាលទៅតាមការណែនាំរបស់គ្រូពេទ្យ ។ នាដការី សាលី ស្រីមាស ថែមទាំងបានសន្យាថា នឹងខិតខំថែករក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមខ្លួនទៅទទួលយកការព្យាបាលជាបន្តបន្ទាប់តាមការផ្តាំផ្ញើរបស់អ្នកឧកញ៉ា លាង ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ៕