មុននឹងបើកឆាកការប្រគំតន្រ្តីដ៏ធំបំផុតក្នុងជីវិតរបស់ខ្លួន តារាចម្រៀង ពេជ្រ សូលិកា បានបង្ហើបពីជីវិតដ៏លំបាក និងការតស៊ូរបស់ខ្លួននៅលើវិថីចម្រៀង ។

នៅថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ២០២៥ តារាចម្រៀង ពេជ្រ សូលិកា នឹងលេចមុខជាមួយការប្រគំតន្រ្តីដ៏ធំបំផុតជាលើកដំបូងរបស់ខ្លួនហើយ ដោយការប្រគំតន្រ្តីនេះគឺជាក្តីស្រមៃធំរបស់នាងចាប់តាំងពីប្រលូកក្នុងវិស័យចម្រៀង ។
តារាចម្រៀងមេម៉ាយកូនមួយ ពេជ្រ សូលិកា បានរៀបរាប់ថា « ពុះពារជំនះគ្រប់បែបយ៉ាងនៅលើវិថីមួយនេះ ពីក្មេងស្រីធម្មតាម្នាក់ដែលគ្មានអ្នកណាស្គាល់តស៊ូប្រឹងប្រែងតែម្នាក់ឯង រហូតដល់មានមនុស្សរាប់ម៉ឺននាក់ដែលស្គាល់នាង ថានាងជាអ្នកណាហើយនាងមានតួនាទីអ្វីនៅលើវិថីមួយនេះ ថ្ងៃដែលនាងបានទន្ទឹងរង់ចាំជាយូរមកហើយក៏បានមកដល់ ជាក្តីស្រមៃដែលអាជីពជាតារាចម្រៀងគ្រប់រូបតែងប្រាថ្នានៅលើឆាកតន្ត្រីមួយដែលអាចបង្ហាញថានាង អាចធ្វើវាបានហើយ ឱកាសមួយនេះមិនមែនសុទ្ធតែមនុស្សគ្រប់គ្នាអាចធ្វើបាននោះទេ » ។
ចាប់តាំងពីបែកបាក់គូស្នេហ៍មក តារាចម្រៀង ពេជ្រ សូលិកា កាន់តែខំប្រឹងប្រែងនៅក្នុងអាជីពចម្រៀង ដើម្បីរកប្រាក់ចិញ្ចឹមខ្លួននិងកូនប្រុសជាទីស្រឡាញ់របស់ខ្លួន មិនកម្មវិធីតូចធំ ឬតាមខេត្តក្រុងនានា នាងតែងតែទទួលនិងចូលរួមពុំដែលខាន ពីព្រោះនាងត្រូវការប្រាក់ដើម្បីចិញ្ចឹមគ្រួសារ ។ ពេជ្រ សូលិកា រំពឹងថា ការប្រគំតន្រ្តីធំរបស់ខ្លួននៅថ្ងៃទី ២២ ខែកុម្ភះ នេះ នឹងធ្វើឱ្យនាងកាន់តែឈរជើងរឹងមាំនៅក្នុងវិស័យចម្រៀង បើទោះបីជានាងពុំមានផលិតកម្មជ្រកកោណដូចកាលពីមុនក្តី ៕



