បន្ទាប់ពីសម្រាកព្យាបាលជំងឺនៅប្រទេស ថៃ អស់ពេលជិតពីរសប្តាហ៍ ពេលនេះស្ថានភាពជំងឺតារាកំប្លែងនាយ កុយ បានល្អប្រសើរហើយ ហើយលោកនឹងត្រឡប់មកប្រទេស កម្ពុជា វិញនៅថ្ងៃស្អែក នេះ ។

តារាកំប្លែងនាយ កុយ បាននិយាយថា ពេលនេះស្ថានភាពសុខភាពរបស់លោកបានល្អប្រសើរច្រើន នៅថ្ងៃចន្ទនេះ គ្រូពេទ្យបានប្រាប់ថា សាច់ដែលវះកាត់នោះមិនមែនជាសាច់កាចទេ ដូច្នេះលោកអាចចេញពីមន្ទីរពេទ្យបានហើយ ហើយលោកនឹងត្រឡប់មកកាន់ប្រទេស កម្ពុជា វិញនៅក្នុងថ្ងៃស្អែកនេះ ។
បន្ទាប់ពីឃើញនាយ កុយ មានកម្លាំងនិយាយឡើងវិញបែបនេះ ធ្វើឱ្យក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិសិល្បៈជាច្រើនផ្ញើសារអបអរសាទរ ព្រមទាំងជូនពរលោកឆាប់ជាផងដែរ ក្នុងនោះតារាកំប្លែង នាយ ក្រឹម ដែលជាមិត្តរួមអាជីពស្និទ្ធបំផុត ក៏បាននិយាយថា លោកចង់ឃើញ នាយ កុយ ត្រឡប់មកថត និងលេងកំប្លែងឡើងវិញ លោកពិតជានឹករលឹកដៃគូខ្លួនណាស់ ជូនពរនាយកុយ ឆាប់ជាសះស្បើយ ។
ថ្វីដ្បិតតែសុខភាពទើបតែបានធូស្រាលបន្តិច តារាកំប្លែងនាយ កុយ នៅតែមានអារម្មណ៍នឹករលឹកការងារចាស់របស់ខ្លួន លោកសង្ឃឹមថានឹងបានទៅបំរើការងារវិញក្នុងពេលឆាប់ៗ ជាក់ស្តែងកន្លងមកលោកកម្រនឹងឈឺណាស់ លោកថែទាំងសុខភាពបានយ៉ាងល្អប្រសើរ ៕



