មិន​ឱ្យ​រំលង​ព្រឹត្តិការណ៍​ស៊ីហ្គេម តារា​សម្តែង សារ៉ាយ សក្ខណា សុខ​ចិត្ត​មិន​ទៅ អាមេរិក !

ថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមកៀកជិតចូលមកដល់ហើយ សិល្បករសិល្បការិនីក្នុងប្រទេសយើងកំពុងមមាញឹកខ្លាំងក្នុងការត្រៀមខ្លួនដើម្បីសម្តែងនៅថ្ងៃទី ០៥ ខែ ឧសភា នេះ ជាក់ស្តែងតារាសម្តែង សារ៉ាយ សក្ខណា សុខចិត្តមិនទៅ អាមេរិក ដើម្បីចូលរួមនិងសម្តែងក្នុងព្រឹត្តិការណ៍នេះផងដែរ ។

បើតាមគម្រោង សារ៉ាយ សក្ខណា និងស្វាមីព្រមទាំងកូនៗ ត្រូវត្រឡប់ទៅ អាមេរិក បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ រួច ពីព្រោះឪពុកម្តាយក្មេកនាងមាននឹករលឹក និងចង់ឱ្យនាងត្រឡប់ទៅវិញ សូម្បីតែស្វាមីនាងក៏ចង់ត្រឡប់ទៅវិញតាមសំណូមពរឪពុកម្តាយខ្លួនដែរ តែដោយសារ សារ៉ាយ សក្ខណា ជាប់ធុរៈច្រើននៅ ស្រុក ខ្មែរ នាងនិងគ្រួសារក៏សម្រេចចិត្តពន្យាពេលវេលាចេញទៅ អាមេរិក ជាថ្មីម្តងទៀត ។

សារ៉ាយ សក្ខណា ក៏ត្រៀមនឹងលេចមុខក្នុងឆាកសម្តែងក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួមជាមួយសិល្បករផ្សេងៗទៀតផងដែរ ដោយនាងបានចូលរួមហ្វឹតហាត់ជាមួយមិត្តភក្តិយ៉ាងស្វិតស្វាញបំផុត ។ សារ៉ាយ សក្ខណា បានប្រាប់ថា ស៊ីហ្គេម ជាព្រឹត្តិការណ៍ធំសម្រាប់ជាតិ ហើយ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ  ដូច្នេះនាងមិនអាចរំលងបានឡើយ ទើបសម្រេចចិត្តមិនទាន់ត្រឡប់ទៅ សហរដ្ឋអាមេរិក វិញ ចំណែកស្វាមី ក៏មិនបានបង្ខំនាងដែរ  ។

សារ៉ាយ សក្ខណា ក៏មិនទាន់ច្បាស់ថា នឹងត្រឡប់ទៅ សហរដ្ឋអាមេរិក វិញនៅពេលណាមួយច្បាស់លាស់ដែរ សំខាន់នាងត្រូវធ្វើការងារក្នុងសិល្បៈរបស់ខ្លួនឱ្យបានចប់សព្វគ្រប់ជាមុនសិន ជាពិសេសនាងចង់ពង្រឹងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លា ។  

ស្របពេលដែលតារាសម្តែង សារ៉ាយ សក្ខណា បន្តនៅស្រុក​ ខ្មែរ  នាងក៏បានឆ្លៀតពេលថតភាពយន្ត ខ្នាតធំ រួមជាមួយមិត្តរួមអាជីព ដោយទទួលបានតម្លៃខ្លួនខ្ពស់ មិនចាញ់តារាវ័យក្មេងឡើយ ៕